នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ បង្កលក្ខខណ្ឌងាយស្រួលបំផុត ហើយមានបំណងចង់ឲ្យកងទ័ពនៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការចែករំលែកអំពីបញ្ហាយុទ្ធសាស្ត្រ ដែលប៉ះពាល់ដល់កិច្ចការការពារជាតិនិងសន្តិសុខនៃប្រទេសនីមួយៗ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបនាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួប នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ បង្កលក្ខខណ្ឌងាយស្រួលបំផុត ហើយមានបំណងចង់ឲ្យកងទ័ពនៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការចែករំលែកអំពីបញ្ហាយុទ្ធសាស្ត្រ ដែលប៉ះពាល់ដល់កិច្ចការការពារជាតិនិងសន្តិសុខនៃប្រទេសនីមួយៗ។
លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីកម្ពុជានឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់; បន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ពង្រឹងការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ; ការបណ្តុះបណ្តាលធនធានមនុស្ស; កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; បន្តគាំទ្រ បង្កើតលក្ខខណ្ឌងាយស្រួល ហើយជួយឧបត្ថម្ភសហគមន៍ជនវៀតណាម និងសហគ្រាសវៀតណាមនៅកម្ពុជាផងដែរ។
រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននាយករដ្ឋមន្ត្រី លោក Pham Minh Chinh អំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា ក្រសួងការពារជាតិកម្ពុជា និងរូបលោកផ្ទាល់ នឹងបន្តពង្រីកប្រពៃណី ពូនជ្រុំទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងជាមួយវៀតណាម។ ក្នុងនោះត្រូវអប់រំពីប្រពៃណី ដើម្បីជួយប្រជាជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ជាពិសេសជំនាន់យុវជនមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ហើយមានទំនួលខុសត្រូវបន្ថែមទៀតក្នុងការថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ៕