នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែតុលា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក លី ឈាំង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា តាមទម្រង់ពិធីកិច្ចខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋាភិបាលបរទេសដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋមន្ត្ចិនលោក លី ឈាំង។ (រូបថត៖ VGP) |
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ក្នុងតួនាទីថ្មី និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីចិនមកវៀតណាមក្នុងរយៈពេល ១១ ឆ្នាំ ផងដែរ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារនៅទីស្នាក់ការរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា នាពេលខាងមុខ ត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាជំនួបជាន់ថ្នាក់និងគ្រប់ជាន់ថ្នាក់ជាប្រចាំ; ជំរុញយន្តការផ្លាស់ប្តូរ និងសហប្រតិបត្តិការ ជាពិសេសលើវិស័យការទូត-ការពារជាតិ-សន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសំខាន់ៗ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការ និងវេទិកាពហុភាគី; សហការគ្រប់គ្រងព្រំដែនគោកឲ្យបានល្អ។ នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានប្រកាសជាផ្លូវការនូវការដាក់ឲ្យដំណើរការជាផ្លូវការនៃតំបន់រមណីយដ្ឋានល្បាក់ទឹក Ban Gioc (វៀតណាម) - Detian (ចិន) ចាប់ពីថ្ងៃទី ១៥ ខែតុលា។
នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បន្តបើកទីផ្សារសម្រាប់កសិផលប្រកបដោយគុណភាពខ្ពស់របស់វៀតណាម; បង្កើតលក្ខខណ្ឌសម្រាប់វៀតណាមបង្កើតការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាមនៅទីក្រុង Haikou, Chengdu, Nanjing របស់ចិន; លើកកំពស់ "ការតភ្ជាប់ទន់" ទាក់ទងនឹងគយឆ្លាតវៃ; ស្រាវជ្រាវ និងស្នើគំរូថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឯកសារស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែក; បន្តកិច្ចសហប្រតិបត្តិការលើវិស័យ៖ ថាមពលកកើតឡើងវិញ ឧស្សាហកម្មគាំទ្រ រថយន្តអគ្គិសនី មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី តំបន់ទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ជាដើម។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានអះអាងថា ចិនត្រៀមខ្លួនជាស្រេច ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម បន្តបើកទូលាយទីផ្សារសម្រាប់ទំនិញវៀតណាម។ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានស្នើឲ្យភាគីទាំងពីរពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសក្នុងវិស័យផលិតកម្ម កសិកម្ម សហការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្ម; ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងរូបិយវត្ថុ។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ (រូបថត៖ VGP) |
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហានៅសមុទ្រ ដោយឯកភាពបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន” គ្រប់គ្រងការខ្វែងគំនិតគ្នាដោយសមហេតុផល ស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែងដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ស្របតាមកិច្ចព្រមព្រៀងស្តីពីគោលការណ៍ណែនាំ ការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន និងច្បាប់អន្តរជាតិ មិនត្រូវចាត់វិធានការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ រួមគ្នារក្សាស្ថិរភាពនៅសមុទ្រ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការចរចាលើបញ្ហាដែនសមុទ្រ អនុវត្តន៍យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យដែលមិនសូវរស៊ើប និងកិច្ចសហប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមមាន៖ ការតភ្ជាប់ខាងគមនាគមន៍ គយ ការអប់រំ ពាណិជ្ជកម្មកសិផល សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ធនាគារ។ ល។
មុននោះ នាព្រឹកថ្ងៃទី ១៣ តុលា នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ឈាំង បានអញ្ជើញមកដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕