នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី “ឈានមុខទាំង៥”
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចែករំលែកមតិយោបល់ក្នុងកម្មវិធីសន្ទនា។ (រូបថត៖ VOV) |
កិច្ចសន្ទនានេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតពីទីស្នាក់ការរដ្ឋាភិបាល រដ្ឋធានីហាណូយ ទៅកាន់ទីភ្នាក់ងារគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងចំនួន ៦៣ ចំណុះមជ្ឈិម និងទីភ្នាក់ងារសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
កិច្ចសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនបានផ្តោតទៅលើប្រធានបទធំៗចំនួន៣។ ជាមួយនឹងសំណួរនីមួយៗដែលតំណាងយុវជន រួមជាមួយនឹងចម្លើយរបស់រដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រីបានចែករំលែក និងបំភ្លឺពីបញ្ហាជាច្រើនដែលជាកង្វល់ដល់យុវជន។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យុវជនតែងតែដើរតួនាទី យ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារជាតិ។ បក្ស រដ្ឋ តែងតែផ្តល់សេចក្តីទុកចិត្ត ជឿជាក់ និងក្តីសង្ឃឹមចំពោះយុវជន; តែងតែយកចិត្តទុកដាក់ ទទួលខុសត្រូវ និងស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីលើកទឹកចិត្តដល់ការលះបង់ដោយមិនចេះនឿយហត់របស់យុវជន។
លោកនាយករដ្ឋមន្ត្រីចង់ឲ្យយុវជនវៀតណាមលើកកំពស់ស្មារតី “ឈានមុខទាំង៥ ប្រការ”។ ទាំងនេះគឺ៖ ឈានមុខក្នុងការសិក្សា ការបណ្តុះបណ្តាល ការកែលម្អចំណេះដឹង ភាពក្លាហាន និងឆន្ទៈក្នុងជីវភាព និងការងារ; ឈានមុខក្នុងវិស័យការងារ ផលិតកម្ម ធុរកិច្ច និងនវានុវត្តន៍ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤; ឈានមុខក្នុងបុព្វហេតុការពារឯករាជ្យជាតិ និងសង្គមនិយមយ៉ាងរឹងមាំ ការពារអធិបតេយ្យភាពជាតិជាទូទៅ និងអធិបតេយ្យភាពលើសមុទ្រ និងកោះ ជាពិសេសក្នុងគ្រប់កាលៈ ទេសៈទាំងអស់; ឈានមុខក្នុងសមាហរណកម្មអន្តរជាតិ ដើម្បីឱ្យមិត្តអន្តរជាតិមើលឃើញថា យុវជនវៀតណាមមិនអន់ជាងប្រទេសណាឡើយ ទាំងឆន្ទៈ បញ្ញា គុណភាព សេចក្តីស្រលាញ់ និងភាពស្មោះត្រង់; ឈានមុខក្នុងការទប់ស្កាត់ភាពអវិជ្ជមាន អំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអរិភាព អង្គការប្រតិកិរិយា និងព័ត៌មានពិសពុល។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានផ្តល់អំណោយ ដល់គំរូយុវជនវ័យក្មេងវៀត ណាម ឆ្នើមចំនួន១០រូប និងគំរូវ័យក្មេងវៀតណាមចំនួន១០រូប ឆ្នាំ២០២២ផងដែរ៕