នាយករដ្ឋមន្ត្រីអង់គ្លេស ជំរុញទំនាក់ទំនងជាមួយឥណ្ឌានិងជប៉ុន
(VOVWORLD) - នាថ្ងៃទី៦ ខែកក្កដា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលក្នុងនោះ មេដឹកនាំទាំងពីរបានឯកភាពឆ្ពោះទៅរកគោលដៅនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) នាពេលឆាប់ៗនេះ។
មេដឹកនាំទាំងពីរបានរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងឥណ្ឌា និងចក្រភពអង់គ្លេស ហើយបានអះអាងជាថ្មីនូវការសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី។ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។
នាករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Keir Starmer ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលេខ ១០ វិថី Downing ទីក្រុងឡុងដ៍ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ TTXVN |
នាថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលក្នុងនោះភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្ត្រី Fumio Kishida បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសេរីភាព និងបើកចំហ ដោយផ្អែកលើច្បាប់ ក្នុងបរិបទនៃបរិយាកាសសន្តិសុខពិភពលោកកាន់តែស្មុគស្មាញ។ មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា ជប៉ុន និងអង់គ្លេសនឹងបន្តគម្រោងរួមជាមួយប្រទេសអ៊ីតាលី ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី។ លើសពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីអ៊ុយក្រែន មជ្ឈិមបូព៌ា និងអាស៊ីផងដែរ៕