នាយករដ្ឋមន្ត្រីអង់គ្លេស ធានាដល់អ្នកប្រើប្រាស់អំពីការកើនឡើងនៃវិក័យប័ត្រថាមពល
(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃទី ២៨ ខែមិថុនា បានឲ្យដឹងថា នាខែកញ្ញាខាងមុខ រដ្ឋាភិបាលអង់គ្លេសនឹងប្រកាស បង្កើនការគាំទ្រអ្នកប្រើប្រាស់ដែលជួបការលំបាក ក្នុងការទូទាត់វិក័យប័ត្រថាមពល។ កញ្ចប់ជំនួយនេះ នឹងត្រូវបានផ្តល់សម្រាប់ក្រុមជនងាយរងគ្រោះបំផុត មិនមែនសម្រាប់គ្រប់គ្រួសារទាំងអស់នោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៍មាន លោកនាយករដ្ឋមន្ត្រី Johnson បានបញ្ជាក់ថា កញ្ចប់ជំនួយតាំងពីមុននឹងត្រូវបានកើនឡើង ហើយរដ្ឋាភិបាលនឹងប្រកាសព័ត៌មានលម្អិតនៅក្នុងខែកញ្ញា។ ព័ត៌មានខាងលើត្រូវបាននាំចេញក្នុងបរិបទដែលគ្រួសារជាច្រើននៅចក្រភពអង់គ្លេស ត្រូវប្រឈមនឹងវិក័យប័ត្រអគ្គិសនី និងឧស្ម័នកើនឡើងយ៉ាងខ្លាំង រហូតដល់ ៨០%។
ទីភ្នាក់ងារគ្រប់គ្រងទីផ្សារថាមពលអង់គ្លេស Ofgem បានឲ្យដឹងថា ពិដានតម្លៃថាមពល (ដែលបានអនុវត្តចំពោះអ្នកប្រើប្រាស់ដោយគ្មានកិច្ចព្រមព្រៀងថេរជាមួយអ្នកផ្គត់ផ្គង់) នឹងកើនឡើងចាប់ពីថ្ងៃទី ១ ខែតុលា ឡើងដល់កម្រិតមធ្យមគឺ ៣៥៤៩ផោនក្នុងមួយឆ្នាំ (ស្មើនឹង ៤.១៩៧ដុល្លាអាមេរិក) ស្ទើរតែទ្វេដងបើប្រៀបធៀបនឹងកម្រិត ១.៩៧១ផោន នាបច្ចុប្បន្ន។ ស្ថានភាពកាន់តែអាក្រក់ទៅនៅខែមករាឆ្នាំក្រោយ នៅពេលដែល Ofgem នឹងធ្វើបច្ចុប្បន្នភាពកំរិតពិដានតម្លៃរបស់ខ្លួន ជាមួយនឹងវិក័យប័ត្រជាមធ្យមទំនងជាលើសពីតម្លៃ ៥.០០០ ផោន។ បើតាម Ofgem តម្លៃឧស្ម័នលក់ដុំនៅទូទាំងពិភពលោកបានកើនឡើងខ្ពស់ បន្ទាប់ពីប្រទេសជាច្រើនបានដកការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការរឹតបន្តឹងលើប្រភពផ្គត់ផ្គង់របស់រុស្ស៊ី៕