នាយករដ្ឋមន្ត្រីឥណ្ឌាបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ៨ កក្កដា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកបន្ទាប់ពីចូលកាន់តំណែងសម្រាប់អាណត្តិទី ៣។ 

សារព័ត៌មានឥណ្ឌាបានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានរំពឹងថានឹងផ្តោតលើការផ្សព្វផ្សាយ ទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា ក៏ដូចជាការស្វែងរកតួនាទីកាន់តែធំសម្រាប់ឥណ្ឌាក្នុងឯកសារអន្តរជាតិដ៏ក្តៅគគុក។

តាមផែនការ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅរុស្ស៊ី នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំកំពូលឥណ្ឌា-រុស្ស៊ីលើកទី២២ ជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Vladimir Putin។ សន្និសីទនេះ នឹងវាយតម្លៃយ៉ាងទូលំទូលាយនូវទំនាក់ទំនងចម្រុះរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងថាមពល។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសឥណ្ឌាបន្តជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់រុស្ស៊ីក្នុងតម្លៃអនុគ្រោះ បើទោះបីជាមានទណ្ឌកម្មពីអាមេរិក និងលោកខាងលិចក៏ដោយ។

មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ថាមពល និងសម្ភារៈយោធាដ៏សំខាន់ដល់ឥណ្ឌាប៉ុណ្ណោះទេ រុស្ស៊ីក៏ជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលផងដែរ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់រុស្ស៊ីបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ឥណ្ឌាក្នុងការធ្វើពិពិធកម្មភាពជាដៃគូ និងបំណងចង់ពង្រឹងទំនាក់ទំនងយូរអង្វែងជាមួយរុស្ស៊ី ដោយរក្សាឋានៈយុទ្ធសាស្ត្ររបស់ឥណ្ឌានៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ