នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចុះត្រួតពិនិត្យការងារត្រៀមប្រយុទ្ធរបស់កងកម្លាំងប៉ូលីសចល័ត
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចុះមកពិនិត្យការងារត្រៀមប្រយុទ្ធនិងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងកម្លាំងប៉ូលីសចល័តនៃក្រសួងនគរបាល វៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចុះមកពិនិត្យការងារត្រៀមប្រយុទ្ធនិងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងកម្លាំងប៉ូលីសចល័ត នៅឯបញ្ញាការដ្ឋានប៉ូលីសចល័ត (រូបថតៈ TTXVN) |
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការដែលកងកម្លាំងនគរ បាលប្រជាជនដែលបានធ្វើសេនាធិការជូនបក្សនិងរដ្ឋ នូវគោលការណ៍ណែនាំនិង គោលនយោបាយសំខាន់ៗជាច្រើន នៅកម្រិតយុទ្ធសាស្ត្រស្តីពីកិច្ចការពារសន្តិសុខជាតិនិងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ម្យ៉ាងវិញទៀត រកឃើញបន្ទាន់និងប្រយុទ្ធដើម្បីកម្ចាត់រាល់ការបំផ្លិចបំផ្លាញរបស់កងកម្លាំងអរិភាពនិងប្រតិកម្ម ក៏ដូច ជា ការពារសុវត្ថិភាពជាដាច់ខាតរាល់ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិសំខាន់ៗ ដែល បានប្រារព្ធធ្វើនៅវៀតណាម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងកិច្ចការប្រទេសរបស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងប៉ូលីសចល័ត ត្រូវបានបង្ហាញអោយបានឬទ្ធានុភាពនយោបាយដ៏រឹងមាំ ស្មោះត្រង់ដាច់ខាតចំពោះបក្ស ចំពោះមាតុភូមិនិងប្រជាជន។ ជាងនេះទៅទៀត ប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នបដិវត្ត និងយកប្រជាជនជាឬសគល់។ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានចល័តបានប្រយុទ្ធដោយក្លាអង់អាចក្លាហាន ដើម្បីការពារបក្ស ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។ យ៉ាងណាមិញ សមមិត្តជាច្រើនបានលះបង់ទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារសន្តិសុខជាតិនិងរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមផង ដែរ”។
លោកនាយករដ្ឋមន្រ្តីបានស្នើដល់កងកម្លាំងនគរបាលប្រជាជន ត្រូវពង្រឹងគុណភាពសីលធម៌របស់ខ្លួនអោយកាន់តែប្រសើរឡើង បង្កើនជំនាញវិជ្ជាជីវៈ និងជិតស្និទ្ធថែមទៀតជាមួយប្រជាជន ដើម្បីការពារសិទ្ធិស្របច្បាប់របស់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់កងកម្លាំងនគរបាលប្រជាជននិយាយរួមនិងកងកម្លាំងប៉ូលីសចល័តនិយាយដោយឡែក ក្នុងគ្រប់កាលៈទេសៈណាក៏ដោយ ក៏ត្រូវរក្សាយ៉ាងរឹងមាំអធិបតេយ្យភាពជាតិនិងស្ថេរភាពនយោបាយសង្គម បង្កើតបរិយាកាសសន្តិភាពនិង លក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕