នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអបអរសាទរបងប្អូនជនជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី បានផ្ញើជូនបងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃជនជាតិខ្មែរ នូវមនោសញ្ចេតនាដ៏ស្និទ្ធស្នាល ការសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ និងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ជនជាតិខ្មែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះបងប្អូនប្រជាពលរដ្ឋ សមមិត្ត និងព្រះសង្ឃជនជាតិខ្មែរ។ ក្នុងលិខិត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយរបស់បងប្អូនជនជាតិខ្មែរ ជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ ប្រកបដោយអត្ថន័យសំខាន់ពិសេស ដែលចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងសេចក្ដីជំនឿ បំណងប្រាថ្នាចង់ទទួលបានសេចក្តីសុខចម្រុងចម្រើននិងសុភមង្គលក្នុងជីវភាព; ព្រមទាំងក៏ជាឱកាសដើម្បីបង្ហាញពីកតញ្ញូធម៌និងការគោរពចំពោះដូនតាផងដែរ។ ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី បានផ្ញើជូនបងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃជនជាតិខ្មែរ នូវមនោសញ្ចេតនាដ៏ស្និទ្ធស្នាល ការសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ និងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុត។
ដោយមានប្រជាជនជាង ១,៣ លាននាក់ ជនជាតិខ្មែរគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃសហគមន៍ជនជាតិវៀតណាមទាំង ៥៤ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ នាពេលកន្លងមក តំបន់ជនជាតិខ្មែរមានការអភិវឌ្ឍថ្មី ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនបន្តត្រូវបានលើកកំពស់៕