នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតអង្គការកែច្នៃឡើងវិញសំបកវេចខ្ចប់
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបបានផ្ញើរលិខិតជូនអង្គការកែច្នៃឡើងវិញសំបកវេចខ្ចប់ (PRO VIETNAM) ដោយបានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមនៃការបង្កើតអង្គភាពកែច្នៃឡើងវិញសំបកវេចខ្ចប់របស់បណ្តាក្រុមហ៊ុនវៀតណាមនិងក្រុមហ៊ុនពហុជាតិសាសន៍ដែលកំពុងប្រតិបត្តិការឧស្សាហកម្មអាហារនិងភេសជ្ជៈនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc |
នៅក្នុងលិខិតនេះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា: នៅឆ្នាំ ២០១៨ អង្គការ សហប្រជាជាតិបានបំផុសប្រធានបទ “ដោះស្រាយការបំពុលប្លាស្ទិក” ដើម្បីផ្សព្វផ្សាយ ចលនា និងអំពាវនាវឱ្យសហគមន៍ ផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាននិងការពារសុខភាពមនុស្ស។ ហើយនៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិ បាន ប្តេជ្ញាយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងកាកសំណល់ប្លាស្ទិក។ តាមនោះ ប្រទេសជាច្រើនបានចាត់វិធានការជាក់លាក់ដើម្បីកាត់បន្ថយនិងហាមឃាត់ការប្រើផលិតផលប្លាស្ទិច រួមទាំងហាមមិនឲ្យប្រើប្រាស់ផលិតផលប្លាស្ទិកមួយចំនួនដែលមិនស្និទ្ធស្នាលជាមួយបរិស្ថាន។ រីឯ រដ្ឋាភិបាលវៀតណាមក៏កំពុងធ្វើការយ៉ាងសកម្មដើម្បីត្រួតពិនិត្យនិងអំពាវនាវ កៀងគរប្រជាជនទាំងមូល ឱ្យរួមដៃដើម្បីការពារបរិស្ថាននិងប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិក។
តាងនាមរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតអង្គការកែច្នៃឡើងវិញសំបកវេចខ្ចប់ (PRO VIETNAM) របស់បណ្តាក្រុមហ៊ុនវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ដែលកំពុងប្រតិបត្តិការនៅក្នុងឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្ឃឹមថា PRO VIETNAM នឹងរួមដំណើរជាមួយរដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការខិតខំប្រឹងប្រែង ដោះស្រាយនិងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិចចោល។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីប្រមូលយក កែច្នៃឡើងវិញនូវសំបកវេចខ្ចប់នៅវៀតណាម ដោយធានាគុណភាពនិងសុវត្ថិភាពផងដែរ៕