នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang

(VOVWORLD) -  នាថ្ងៃទី ២ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តី ចិនលោក Li Keqiang ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang - ảnh 1

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (រូបថតៈ VGP)

តាមរយៈជំនួបនេះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពនិងលទ្ធផលនៃការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នៃប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19  នៅវៀតណាមត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាពីថ្នាក់មជ្ឈិម ចុះមូលដ្ឋានដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ បន្ទាប់ពីទទួលបានលទ្ធផលជាវិជ្ជមាននៅដំណាក់កាលដំបូង ឥឡូវនេះបានឈានចូលដំណាក់កាលថ្មីជាមួយនឹងបម្រែបម្រួលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ វៀតណាមនៅតែកំពុងគ្រប់គ្រងស្ថានការណ៍ ដោយព្យាយាមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល ក៏ដូចជា ធានានូវសន្តិសុខសង្គមនិងសុវត្ថិភាពសម្រាប់ប្រជាជនវៀតណាមនិងពលរដ្ឋបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ចិន ក្នុងទម្រង់ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាខេត្ត ក្រុង ហើយសហគ្រាសចិនមួយចំនួនបានផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រសម្រាប់វៀតណាម។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Li Keqiang បានជម្រាបអំពីសមិទ្ធិផលដែលចិនសម្រេចបានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានអនុវត្តនូវវិធានបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយជោគជ័យ ហើយឥឡូវនេះក៏កំពុងបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អដែរ។ លោកនាយករដ្ឋមន្ត្រិចិនក៏បានថ្លែងអំណរគុណ ចំពោះវៀតណាមដែលបានជួយឧត្ថម្ភចិននាគ្រាជំងឺរាតត្បាតឆ្លងរាលដាលនៅចិន។ ភាគីទាំងពីរបានឯកភាព ផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសុខភាពនិងការធានាសិទ្ធិស្របច្បាប់របស់ពលរដ្ឋនៃប្រទេសមួយនៅក្នុងប្រទេសមួយទៀត។

ទាក់ទងនឹងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបាននិងកំពុងដឹកនាំរាល់ជំនួបពិភាក្សានិងបង្កើនការសម្របសម្រួលលើការបង្ការនិងប្រយុទ្ធប្រឆាំង ជំងឺរាត ត្បាតក្នុងចំណោមបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសអាស៊ានជាមួយដៃគូ ក្នុងនោះមានទាំងយន្តការអាស៊ានបូក ៣ ទៀតផង។ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានបញ្ជាក់ថា ចិនតែងម្ចាស់ការនិងព្យាយាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជា គាំទ្រគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម រួមទាំងសម្តែងនូវគោលបំណងចង់ឲ្យ សហគមន៍អន្តរជាតិរួមដៃគ្នាធ្វើសកម្មភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ