នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមមកជំរាបលាបញ្ជាប់បេសកកម្មការទូត
(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា នៅទីស្នាក់ការរដ្ឋា ភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានទទួលជួបជាមួយលោក Thongsavanh Phomvihane ឯកអគ្គរដ្ឋទូតឡាវដើម្បីមកជម្រាបលា បញ្ចប់នៃអាណត្តិបេសក កម្មការទូតរបស់លោកនៅវៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមមកជំរាបលាបញ្ជាប់បេសកកម្មការទូត
|
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតឡាវ ក្នុងការបំពេញតួនាទីជាស្ពានដើម្បីតភ្ជាប់ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នៅតែមានបញ្ហាជាច្រើនដែលត្រូវការ ការ យកចិត្តទុកដាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម រួមទាំងគម្រោងសំខាន់ៗ ទៀតផង។
ដោយវាយតម្លៃអំពីស្ថានភាពពិភពលោកនិងក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតដែលកំពុងប្រែប្រួលយ៉ាងស្មុគ្រស្មាញនិងមិនអាចទាយទុកបានមុននោះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងសាមគ្គីភាពនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកានានា ទាំងតំបន់និងអន្តរជាតិ; ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់សមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជា ខិតខំចូលរួមចំណែកថែរក្សាបរិស្ថានប្រកបដោយសន្តិភាពនិងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ គឺការរក្សាជំហរនិងសំឡេងរួមរបស់អាស៊ាននៅក្នុងបញ្ហាសំខាន់ៗសម្រាប់តំបន់ រួមទាំងសមុទ្រខាងកើតតែម្តង។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប្រទេសឡាវ បន្តគាំទ្រនិងសហប្រតិបត្តិការ នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។
រីឯខ្លួនវិញឯកអគ្គរដ្ឋទូតឡាវ លោក Thongsavanh Phomvihane បានអះអាងថា លោកតែងតែខិតខំរួមចំណែកក្នុងការថែរក្សាទំនាក់ទំនងល្អរវាងវៀតណាមនិងឡាវ ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ៕