នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ បង្កើនការគ្រប់គ្រងនិងលើកកំពស់ប្រសិទ្ធភាពក្នុងការប្រើប្រាស់បំណុលសាធារណៈ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តម្រូវការអភិវឌ្ឍប្រទេសជាតិគឺធំណាស់ ហេតុដូច្នេះត្រូវប្រើប្រាស់បំណុលប្រកបដោយប្រសិទ្ធភាព ហើយធានាការអភិវឌ្ឍដោយព្រមៗគ្នានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបដើម្បីជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច។ 
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ បង្កើនការគ្រប់គ្រងនិងលើកកំពស់ប្រសិទ្ធភាពក្នុងការប្រើប្រាស់បំណុលសាធារណៈ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
នារសៀលថ្ងៃទី១៨ កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ រដ្ឋាភិបាលដើម្បីពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ដាក់ជូនរដ្ឋសភាស្ដីពីស្ថានភាពប្រាក់កម្ចី និងការសងបំណុលសាធារណៈរយៈពេល៥ឆ្នាំដំណាក់កាល ២០១៦- ២០២០ រួមទាំងផែនការប្រាក់កម្ចីនិងសងបំណុលសាធារណៈរយៈពេល៥ឆ្នាំដំណាក់កាល ២០២១-២០២៥ ទៀតផង។
ពាក់ព័ន្ធដល់ការកសាងផែនការប្រាក់កម្ចីនិងសងបំណុលសាធារណៈដំណាក់កាល ២០២១-២០២៥ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានក្រើនរំលឹកថា ចាំបាច់ត្រូវវាយតម្លៃចំពោះស្ថានភាពក្នុងស្រុកនិងអន្តរជាតិ តម្រូវការដើមទុនសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងស្ថានភាពធម្មតាថ្មីនិងការរាតត្បាតនៃ Covid-19 ក៏ដូចជាតម្រូវការវិនិយោគធំៗ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម បរិស្ថាន ការពារជាតិនិងសន្តិសុខ។ ការខ្ចីទុនត្រូវតែផ្សាភ្ជាប់នឹងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពហើយធានាប្រភពធនធានសម្រាប់ទូទាត់សងបំណុលផងដែរ។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តម្រូវការអភិវឌ្ឍប្រទេសជាតិគឺធំណាស់ ហេតុដូច្នេះត្រូវប្រើប្រាស់បំណុលប្រកបដោយប្រសិទ្ធភាព ហើយធានាការអភិវឌ្ឍដោយព្រមៗគ្នានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបដើម្បីជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ត្រូវត្រួតពិនិត្យ ឃ្លាំមើល ហើយធានាលទ្ធភាពទូទាត់សងបំណុលនៃគម្រោងការណ៍នីមួយៗ ក៏ដូចជាកំណត់ឲ្យបានច្បាស់លាស់នូវទំនួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងដំណើរការប្រើប្រាស់ដើមទុន សំដៅធានាកិត្យានុភាពជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ