នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាយុវជនចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២០
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសហការជាមួយគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបើក“ ទិវាបុណ្យចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត - Techfest 2020” និងវេទិកាយុវជនចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២០ ក្រោមប្រធានបទ «រួមដំណើរជាមួយប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈមនានា”។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាជាមួយយុវជននៅក្នុងវេទិកានេះ (រូបថត៖ VNA) |
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងតំណាងជាង ៦០០ នាក់ដែលជាអង្គការនិងបុគ្គលមកពីបណ្តាញប្រព័ន្ធសហគ្រាសចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតទាំងក្នុងនិងក្រៅប្រទេស បានអញ្ជើញចូលរួមពិធីនេះផងដែរ។
ថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះយុវជនជំនាន់នាបច្ចុប្បន្នដែលកំពុងទទួលបន្តមរតកនិងពង្រីករាល់គុណសម្បត្តិនៃជំនាន់មុនៗ នោះគឺភាពឧស្សាហ៍ព្យាយាម ភាពឆ្លាតវៃ និងភាពច្នៃប្រឌិត រួមជាមួយគុណប្រយោជន៍នៃការសម្របខ្លួនយ៉ាងឆាប់រហ័សនឹងប្រព័ន្ធអ៊ិនធឺណែត ក៏ដូចជាវឌ្ឍនភាពផ្នែកបច្ចេកវិទ្យាផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថាវេទិកានេះគឺជាឱកាសមួយដើម្បីលើកឡើងដំណោះស្រាយជាក់ស្តែងសម្រាប់យុវជនវ័យក្មេង ដើម្បីអភិវឌ្ឍចំណង់ចំណូលចិត្តខាងបញ្ញារបស់ខ្លួនដើម្បីចាប់ផ្តើមអាជីវកម្ម ដោយប្រែក្លាយក្តីសុបិន្តទៅជាការពិត។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតផលនៅក្នុងវេទិការនេះ (រូបថត៖ VNA) |
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងតំបន់នានាគប្បីធ្វើការពិភាក្សាជាមួយគ្នាយ៉ាងទៀងទាត់និងបង្កើតបណ្តាញចែករំលែកព័ត៌មាន ដើម្បីតម្រង់ទិសដៅផែនការសម្រាប់សហគ្រាសចាប់ផ្តើមអាជីវកម្មឲ្យយល់ច្បាស់អំពីនិន្នាការទីផ្សារទូទៅ ព្រមទាំងជំរុញការគាំទ្រដល់មូលនិធិចាប់ផ្តើមអាជីវកម្ម និងពង្រីកយន្តការគាំទ្រហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់តួនាទីរបស់មូលនិធិវិនិយោគឯកជនផងដែរ៕