នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou -សមាជិកក្រុមធនាគារពិភពលោក (WB)
(VOVWORLD) - នាថ្ងៃទី ១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IFC កំពុងរីកចម្រើនយ៉ាងល្អប្រពៃ មិនត្រឹមតែអំពីការជួយគាំទ្រដើមទុនប៉ុណ្ណោះទេ ថែមទាំងវៀតណាមតែងតែផ្ទៀងស្តាប់ការប្រឹក្សាយោបល់ស្តីពីគោលនយោបាយម៉ាក្រូនិងហិរញ្ញវត្ថុរបស់ IFC ទៀតផង។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou (រូបថត៖baochinhphu.vn) |
លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់វៀតណាមកំពុងអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយសន្ទស្សន៍នៃសេដ្ឋកិច្ចម៉ាក្រូគឺល្អណាស់ និងការវិនិយោគបរទេសមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ លោក Nguyen Xuan Phuc បានបន្តទៀតថាសក្ដានុភាពក្នុងវិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាមនៅតែធំធេងណាស់ និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ហេតុដូច្នេះហើយប្រសិនបើធនាគារពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរជាតិ បន្តជួយគាំទ្រនិងសហការជាមួយវៀតណាមនោះវិស័យសេដ្ឋកិច្ចឯកជន សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាមនឹងបន្តអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះដែរលោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យ IFC ដើរតួរនាទីសំខាន់ក្នុងការគាំទ្រដល់ប្រទេសវៀតណាមដើម្បីអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou បានថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baochinhphu.vn) |
រីឯខ្លួនវិញ អគ្គនាយក IFC លោក Philippe Le Houérou មានបំណងស្វែងយល់ឱ្យបានច្បាស់អំពីប្រទេសវប្បធម៌ប្រជាជន និងវិស័យហិរញ្ញវត្ថុ ធនាគាររបស់វៀតណាម។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាពម៉ាក្រូរបស់វៀតណាមនិងបានបង្ហាញពីចំណាប់អារម្មណ៍នៃជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ IFC បានជឿជាក់ថានឹងជួយប្រទេសវៀតណាមប្រើប្រាស់ថាមពលស្អាត ព្រមទាំងជួយគាំទ្រវៀតណាម ក្នុងការសាងសង់បណ្តាញបញ្ជូនអគ្គិសនីពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាម ក៏ដូចជាអភិវឌ្ឍការប្រើប្រាស់ហ្គាសរាវ។ ជាមួយនឹងកម្លាំងរបស់ខ្លួន ប្រទេសវៀតណាមមានសក្តានុភាពយ៉ាងខ្លាំងក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញផងដែរ៕