នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្រ្តីសឹង្ហបុរីនិងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែមេសា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយសមភាគីនៃបណ្ដាប្រទេស៖ កម្ពុជា សឹង្ហបុរីនិងម៉ាឡេស៊ី។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VOV) |
នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ភាគីទាំងពីរបានបញ្ជាក់ថា វៀតណាមនិងកម្ពុជាតែងតែយកចិត្តទុកដាក់ពិសេសហើយផ្ដល់អាទិភាពចម្បងដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងជាអ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកម្ពុជាតាមលទ្ធភាពរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឹកូវីដ ១៩ ព្រមទាំងស្នើឲ្យកម្ពុជាបន្តយកចិត្តទុកដាក់ដល់សហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជា ជាពិសេសគឺក្នុងការដោះស្រាយលិខិតបទដ្ឋាន គតិយុត្តដើម្បីជួយប្រជាជនមានជីវភាពរស់នៅដោយស្ថិរភាព ហើយអាចសម្របខ្លួនចូលក្នុងប្រទេសសាមីផងដែរ។
នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពសហការគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; សម្របសម្រួលគ្រប់គ្រងខ្សែព្រំដែន; បន្តជួយឧបត្ថម្ភ សហគមន៍ប្រជាជនវៀតណាមនៅកម្ពុជាក៏ដូចជាសហគមន៍ប្រជាជនកម្ពុជានៅវៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត រួមទាំងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់គ្នាទៅវិញទៅមកផងដែរ។
នាយករដ្ឋមន្រ្តីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមនិងកម្ពុជាបានផ្លាស់ប្ដូរលិខិតូបករណ៍ផ្ដល់សច្ចាប័នលើឯកសារច្បាប់ចំនួន២ ដែលទទួលស្គាល់សមិទ្ធផលចំនួន៨៤% នៃការងារបោះបង្គោលខ័ណ្ឌសីមាលើគោក ព្រមទាំងឯកភាព បន្តផ្លាស់ប្ដូរ ពិភាក្សាគ្នាដើម្បីដោះស្រាយតំបន់ដែលមិនទាន់សម្រេចការបោះបង្គោលខ័ណ្ឌសីមា (ប្រមាណ១៦%) នាពេលខាងមុខ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong។ |
នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសឹង្ហបុរី ហើយស្នើឲ្យប្រទេសទាំងពីរជំរុញការចរចាអំពីបទបញ្ញត្តិធ្វើដំណើរអាទិភាព ដោយមានលក្ខណៈបត់បែន ទៅវិញទៅមក ដែលជួយសម្រួលដល់ការបើកជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញឲ្យបានឆាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទេសចរណ៍ទ្វេភាគីផងដែរ។
នាយករដ្ឋមន្រ្តីទាំងពីរបន្តឯកភាពលើការបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនៅវេទិកាតំបន់និងអន្តរជាតិ; សម្របសម្រួលរក្សាគោលជំហររបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត គាំទ្រចំពោះតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅតំបន់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhiyiddin Yassin។ |
នាថ្ងៃដដែល នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhiyiddin Yassin លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់នូវការពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនង សហប្រតិបត្តិការជាមួយម៉ាឡេស៊ីក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ នាយករដ្ឋមន្រ្តីទាំងពីរប្ដេជ្ញាចិត្ត ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានទឹកប្រាក់ចំនួន១៥ពាន់លានដុល្លាអាមេរិកឲ្យបានឆាប់ៗ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងមហាសាគរផងដែរ៕