នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួមកិច្ច ប្រជុំកំពូល APEC លើកទី២៦
(VOVWORLD) - នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញវិលត្រឡប់ មកទីក្រុងហាណូយវិញ បញ្ចប់ ប្រកបដោយជោគជ័យនូវដំណើរចូលរួមកិច្ចប្រជុំកំពូលលើកទី២៦នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសប៉ាពួញូវហ្គីណេ។
បណ្ដាថ្នាក់ដឹកនាំ APEC |
ក្នុងរយៈពេល២ថ្ងៃនៅប៉ាពួញូហ្គីណេ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ចំនួន១០ ដែលក្នុងនោះមានកិច្ច សន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (ABAC) កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយថ្នាក់ដឹកនាំនៃប្រទេស កោះប៉ាស៊ីហ្វិក កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) កិច្ចប្រជុំសម្ងាត់ថ្នាក់ដឹកនាំ APEC ចូលរួមទទួលទានអាហារការងាររបស់ថ្នាក់ដឹកនាំ APEC ព្រមទាំងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីប្រទេសវ៉ានូអាទូ និងសហ ភាពសភាអាមេរិក ផងដែរ។
នៅកិច្ចប្រជុំទាំងនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន បង្ហាញនូវទស្សនៈរបស់ វៀតណាមស្ដីពីការគាំទ្រដល់ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិង វិនិយោគ ជំរុញពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ធានាកំណើនគ្រប ដណ្ដប់ និងអនុវត្តន៍គោលដៅសហសវត្សនានា ផងដែរ។ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការដែលរដ្ឋសភាវៀតណាមអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយ សម្លេងគាំទ្រ១០០%នោះ គឺបានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការ បន្តផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ គាំទ្រ ពាណិជ្ជកម្មនិងវិនិយោគប្រកបដោយសេរីភាពដោយឈរលើច្បាប់និងស្តង់ដារ ខ្ពស់។ អមដំណើរនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើកនេះ អនុរដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានចាត់ទុកថា៖
“ការអនុម័តលើ CPTPP គឺជាការរួមចំណែកដ៏ធំធេងរបស់វៀតណាមនិង ខឿនសេដ្ឋកិច្ចជាសមាជិកដទៃទៀតក្នុង CPTPP ជាពិសេសគឺក្នុងបរិបទដែល កើតមានឡើងនិន្នាការប្រឆាំងសេរីភាពខាងពាណិជ្ជកម្មនិងវិនិយោគ។ ការដែលប្រទេសជាសមាជិកអនុម័តលើកិច្ចព្រមព្រៀងនេះ ហើយ គ្រោងនឹង ចូលជាធរមានចាប់ពីដើមឆ្នាំក្រោយនោះ គឺជាកម្លាំងចលករដើម្បីបន្តនិន្នាការសេរី ភាវូបនីយកម្មពាណិជ្ជកម្មនៅតំបន់នេះ។ សមាគមន៍សហគ្រាស APEC ចង់មាន សេរីភាពពាណិជ្ជកម្មពិតប្រាកដ ព្រោះថានេះជាផលប្រយោជន៍និងជាកម្លាំងចលករ ក្នុងរយៈពេលកន្លងទៅ”។
មុននោះ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា កិច្ចប្រជុំកំពូល APEC លើកទី២៦ បានបិទបញ្ចប់ជាផ្លូវការ។ បើទោះជាអង្គប្រជុំមិនអាចចេញសេចក្ដីថ្លែងការណ៍រួម បានឡើយក្ដី ប៉ុន្តែសមាជិក APEC ទាំងអស់សុទ្ធតែអះអាងនូវលទ្ធផលសំខាន់ៗ ស្ដីពីការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ កំណើនប្រកបដោយចីរភាពនិងគ្រប ដណ្ដប់ ដែល APEC ទទួលបានក្នុងឆ្នាំនេះ ព្រមទាំងឯកភាពថា នឹងរៀបចំ កិច្ចប្រជុំកំពូល APEC លើកទី២៧នៅប្រទេសឈីលីនាឆ្នាំ២០១៩ ផងដែរ៕