នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ មហាពិធីវិសាខបូជាឆ្នាំ២០១៩អះអាងនូវតួនាទីនិងឋានៈរបស់សមាគមន៍ពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ
(VOVWORLD) - ក្រោមប្រធានបទ “វិធីសាស្ត្រអភិក្រមនៃព្រះពុទ្ធសាសនា សម្រាប់ភាពជាអ្នកដឹកនាំសកល និងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” នោះ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ (Vesak) ឆ្នាំ២០១៩ បាន ប្រារព្ធឡើងជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធ សាសនា Tam Chuc ខេត្ត Ha Nam ភាគខាងជើងវៀតណាម។
ទិដ្ឋភាពនៃការបើកមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ |
អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះមានវត្តមានរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint អនុប្រធានាធិបតី ប្រធានព្រឹទ្ធ សភាឥណ្ឌាលោក Venkaiah Naidu នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli ប្រធានព្រឹទ្ធសភាប៊ូតានលោក Tashi Dorji អគ្គលេខាធិការរងនៃ អង្គការសហប្រជាជាតិលោកស្រី Asha-Rose Migiro ថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នក មុខអ្នកការនៃសមាគមន៍និងអង្គការពុទ្ធសាសនាមកពីប្រទេសនិងតំបន់ដែនដី ចំនួន១១២ទូទាំងពិភពលោកនិងប្រទេសវៀតណាម ព្រះសង្ឃនិងពុទ្ធបរិស័ទរាប់ ពាន់នាក់នៅក្នុងនិងក្រៅប្រទេសទៀតផង។
ថ្លែងសុន្ទរកថាបើកមហាពិធី ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុម ប្រឹក្សាអភិបាល ប្រធានគណៈចាត់តាំងមហាពិធីវិសាខបូជាឆ្នាំ២០១៩ បាន អំពាវនាវអោយពុទ្ធសាសនាទូទាំងពិភពលោកសាមគ្គីគ្នា ធ្វើសកម្មភាព ចែក រំលែកដំណោះស្រាយព្យាបាលចំពោះការសាកល្បងនានាដែលពិភពលោកកំពុង ត្រូវប្រឈមដូចជា ការជម្លោះ ភេរវកម្ម សង្គ្រាម វិសមភាព និងវិបត្តិបរិស្ថាន។ ព្រះតេជគុណមានពុទ្ធដីកាថា៖
“ប្រធានបទនៃមហាពិធីវិសាខបូជាឆ្នាំ២០១៩បានសរអោយឃើញនូវស្មារតីទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ពុទ្ធសាសនាចំពោះការវិវត្តន៍របស់ពិភពលោកលើគ្រប់វិស័យក្នុងជីវភាពរស់នៅ។ តាមនោះអះអាងនូវជំនឿជាក់ស្ដីពីសមត្ថភាព របស់ពុទ្ធសាសនាដោយរួមចំណែកសម្រុះសម្រួលរាល់បញ្ហាសហសម័យយ៉ាងធ្ងន់ធ្ងរ។ រដូវវិសាខបូជាពុទ្ធសករាជ២៥៦៣នេះមានអត្ថន័យដ៏ពិសេសនិងឱឡារឹកមែន ទែនដោយរួមចំណែកលើកតម្កើងរាល់តម្លៃប្រពៃណីរបស់ពុទ្ធសាសនាវៀតណាម ដែលបានរួមដំណើរជាមួយប្រជាជាតិក្នុងអំឡុងពេលច្រើនសហស្សវត្សរ៍កន្លងទៅ។ ហើយពុទ្ធសាសនាវៀត ណាមនឹងបន្តរួមចំណែកកសាងប្រទេសវៀតណាម អោយកាន់តែសម្បូររុងរឿង សន្តិភាពនិងរីក ចម្រើនប្រកបដោយចីរភាពក្នុង សម័យសមាហរណកម្មអន្តរជាតិជាពុំខាន”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីបើក |
ចំណែកឯនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាងថាវៀតណាមមានមោទនភាពយ៉ាងខ្លាំងដោយត្រូវបានជ្រើសរើសជា ប្រទេសម្ចាស់ផ្ទះនៃមហាពិធីវិសាខបូជាឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះបានបង្ហាញ យ៉ាងខ្លាំងក្លានូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិដើម្បីពិភព លោកមួយ ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការ វឌ្ឍនភាព ព្រមទាំងពង្រីក រាល់តម្លៃដ៏ល្អប្រសើរនៃពុទ្ធសាសនាដើម្បីរួមគ្នាកសាងពិភពលោកអោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញមានប្រសាសន៍ថា៖
“វៀតណាមជាប្រទេសដែលមានសាសនាជាច្រើន ក្នុងនោះពុទ្ធសាសនា មានប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ដោយបានតភ្ជាប់យ៉ាងជ្រាលជ្រៅ ទៅនឹងវប្បធម៌ ប្រពៃណី និងប្រជាជាតិវៀតណាមទាំងមូល។ ក្នុងប៉ុន្មានឆ្នាំកន្លង ទៅ សមាគមន៍ពុទ្ធសាសនាវៀតណាមបានរីកចម្រើនដោយឥតឈប់ឈរ បង្ហាញយ៉ាងច្បាស់នូវឆន្ទៈសុខដុមរមនា សាមគ្គីភាពនិងឯកភាព អះអាងនូវ តួនាទីនិងឋានៈរបស់ខ្លួនក្នុងការកសាងប្រទេសជាតិប្រកបដោយសាមគ្គីភាព។ ការរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩បានអះអាងសារជាថ្មីថាវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ គោរពតម្លៃខាងវប្បធម៌និងសីលធម៌ដ៏ល្អប្រសើរទាំង អស់នៃបណ្ដាសាសនា ដែលក្នុងនោះមានពុទ្ធសាសនាដោយនាំមនុស្សឆ្ពោះទៅ រកភាពទៀងត្រង់ សុចរិតនិងសម្ភស្ស”។
ផ្ញើរសារទៅកាន់ពិធីបើកតាមរយៈវីដេអូ អគ្គលេខាធិការអង្គការសហ ប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ “ខ្ញុំសូមជូនពរបរវមហា ប្រសើរចំពោះមនុស្សគ្រប់រូបក្នុងឱកាសមហាពិធីវិសាខបូជាដែលជាពិធីបុណ្យដ៏ពិសិដ្ឋរបស់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។ បុណ្យវិសាខបូជាគឺជា ព្រឹត្តិការណ៍ដែលគូសញ្ញានូវការប្រសូត្រ ការត្រាស់ដឹងនិងការចូលបរិនិព្វាននៃ ព្រះពុទ្ធ។ យើងទាំងអស់គ្នា ទោះបីជាពុទ្ធបរិស័ទឬមិនមែនជាពុទ្ធបរិស័ទក៏ដោយ ប៉ុន្តែសុទ្ធតែអាចមានចំណាប់អារម្មណ៍អំពីពុទ្ធប្រវត្តិ ហើយទទួលបានការបំផុស គំនិតពីពុទ្ធដីការបស់ព្រះពុទ្ធដូចគ្នា ផងដែរ”។
នេះជាលើកទី៣ដែលមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិត្រូវបាន រៀបចំឡើងនៅវៀតណាម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែឧសភា ដោយមានសកម្មភាពពុទ្ធសាសនា វប្បធម៌ សិល្បៈ និងសិក្ខាសាលាអន្តរជាតិជាច្រើន៕