នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងជនបទចិន Han ChangFu
(VOVWORLD) - នាថ្ងៃទី ១៤ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងជនបទចិន Han ChangFu ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងជនបទចិន Han ChangFu (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មវៀតណាមនិងចិនក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ជាពិសេសគឺលទ្ធផលជាក់ស្តែងនាពេលថ្មីៗនេះដែលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីពាណិជ្ជកម្មកសិផល។
លោក Nguyen Xuan Phuc បានមានប្រសាសន៍ថាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក ហើយ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីសម្រេចបាននូវវឌ្ឍនភាព តុល្យភាព និងប្រសិទ្ធភាព ព្រមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យកសិកម្មនិងអភិវឌ្ឍជនបទ។ ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទចិនលោក Han ChangFu បានជឿជាក់ថាកិច្ចសហប្រតិបត្តិការកសិកម្មវៀតណាម - ចិននឹងមានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសក្នុងបរិបទដែលភាគីទាំងពីរនឹងអបអរសារទរខួបអនុស្សាវរីយលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ៕