នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតនៃប្រទេសបែលហ្ស៊ិក

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយឯកអគ្គរាជទូតនៃប្រទេសបែលហ្ស៊ិកលោក Paul Jansen ដែលទើបនឹងបានទទួលបេសកកម្មការទូតថ្មីនៅវៀតណាម។ 

នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងបែលហ្ស៊ិកមានការរីកចម្រើនគ្រប់វិស័យ។ ក្នុងរយៈពេល១០ខែកន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន២ពាន់៣រយលានដុល្លាអាមេរិក។ ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនោះអោយឡើងដល់ទៅ៣ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា កិច្ចសហប្រតិបតិ្តការលើវិស័យអប់រំជានិច្ចកាលជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងវៀតណាមនិងបែលហ្ស៊ិក ហេតុដូច្នេះបានជា លោកនាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃតំបន់និងសហគមន៍នានារបស់បែលហ្ស៊ិកបានឯកភាពគ្នានឹងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យនេះដើម្បីបណ្ដុះបណ្ដាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានសម្ដែងគោលបំណងថា បែលហ្ស៊ិកនឹងបន្តជំរុញអោយសហភាពអឺរ៉ុបចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU។

        ចំណែកឯឯកអគ្គរាជទូតបែលហ្ស៊ិកលោក Paul Jansen បានអោយដឹងថា សហគ្រាសបែលហ្ស៊ិកមានគោលបំណងចង់បើកពង្រីកការវិនិយោគក៏ដូចជាស្វែងរកឱកាសថ្មីនៅទីផ្សារវៀតណាម ព្រមទាំងស្នើអោយរដ្ឋាភិបាលវៀតណាមនឹងលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចូលមកវៀតណាម ដើម្បីរួមចំណែកជំរុញការជួបប្រាស្រ័យខាងវប្បធម៌និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ