នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន
(VOVWORLD) - យោងតាមសេចក្ដីជូនដំណឹងសារព័ត៌មានចេញនាថ្ងៃទី៣០ ខែតុលា ដោយក្រសួងការបរទេសវៀតណាមបានអោយដឹងថា ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក Xi Jinping នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១នៅទីក្រុងសាងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែវិច្ឆិកា។
ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំ២០១៨ (CIIE 2018) ត្រូវបានរៀបចំឡើងក្រោមសហអធិបតីរបស់ក្រសួងពាណិជ្ជកម្មចិននិងគណៈកម្មាធិការពាណិជ្ជកម្មទីក្រុងសាងហៃ។ ពិព័រណ៍នេះនឹងត្រូវបានរៀបចំជាប្រចាំឆ្នាំ ហើយនឹងជាព្រឹត្តិការណ៍ពន្លឿនពាណិជ្ជកម្មដ៏សំខាន់របស់រដ្ឋាភិបាលចិន សំដៅទាក់ទងជាមួយទីផ្សារអន្តរជាតិ ក៏ដូចជាបង្កើតឱកាសជ្រៀតចូលទីផ្សារចិនដ៏ធំសម្បើមសម្រាប់ប្រទេសដទៃ និងរួមចំណែកជំរុញគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ក៏ដូចជាដំណើរការសមាហរណកម្មសកលផងដែរ៕