នីហ្សេ ៖ ចាប់ផ្តើមយុទ្ធនាការជ្រើសរើសអ្នកស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងផែនការធ្វើអន្តរាគមន៍យោធាពី ECOWAS
(VOVWORLD) - ប្រឈមមុខនឹងលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធា ពីប្រទេសជិតខាងនៅអាហ្វ្រិកខាងលិច សកម្មជនជាច្រើននៅប្រទេសនីហ្សេបានបំផុសយុទ្ធនាការជ្រើសរើសអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់នៅទូទាំងប្រទេស ដើម្បីចូលរួមកងកម្លាំងប្រយុទ្ធ រួមជាមួយកងទ័ព។
ទូរទស្សន៍ជាភាសាអារ៉ាប់ Al Arabiya និងប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា គំនិតផ្តួចផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធាពីខាងក្រៅត្រូវបានប្រកាសនិងចាប់ផ្តើមនៅយប់ថ្ងៃទី ១៥ ខែសីហានៅក្នុងរដ្ឋធានី Niamey ។ លោក Baku Amsaro ដែលជាសកម្មជនម្នាក់ដែលបានលើកឡើងគំនិតផ្តួចផ្តើមនេះ បានឲ្យដឹងថា គោលដៅនៃយុទ្ធនាការនេះគឺដើម្បីប្រមូលផ្តុំអ្នកស្រុករាប់ម៉ឺននាក់នៅទូទាំងប្រទេសនីហ្សេ ឱ្យចូលរួមក្នុងការប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធ។ ដូច្នោះហើយ ពលរដ្ឋនីហ្សេទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរួមកងកម្លាំងស្ម័គ្រចិត្ត ហើយបញ្ជីនេះនឹងត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាជាតិការពារមាតុភូមិ - របបយោធា ដែលបង្កើតឡើងដោយក្រុមពលប្រហារ។ សកម្មជន លោក Baku Amsaro ក៏បានបញ្ជាក់ថា ជាជំហានដំបូង យុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនក្នុងរដ្ឋធានី Niamey ជាមួយនឹងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានចុះឈ្មោះចូលរួម។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ របបយោធានីហ្សេក៏បានដាក់ពង្រាយកងកម្លាំង និងសព្វវុធពីតំបន់នានាទៅកាន់រដ្ឋធានី Niamey ដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូដែលអ្នកជិតខាងនៅអាហ្វ្រិកខាងលិចបានធ្វើអន្តរាគមន៍យោធា៕