នីហ្សេ៖ បើកដែនអាកាសឡើងវិញ ​​ហើយ​បញ្ជាក់​ថានឹង​​​មិន​វាយ​ប្រហារលើ​​ស្ថានទូត​បារាំង​ទេ

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែកញ្ញា នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិនៅរដ្ឋធានី Niamey នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនីហ្សេ ដែលបង្កើតឡើងដោយក្រុមពលប្រហារ លោក Ali Lamine Zeine បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធខ្ពស់ ដោយសារតែហានិភ័យនៃការវាយប្រហារដោយយោធាពីខាងក្រៅមិនត្រូវបានលុបចោល។
នីហ្សេ៖ បើកដែនអាកាសឡើងវិញ ​​ហើយ​បញ្ជាក់​ថានឹង​​​មិន​វាយ​ប្រហារលើ​​ស្ថានទូត​បារាំង​ទេ - ảnh 1នីហ្សេបើកដែនអាកាសឡើងវិញ។ រូបថត៖ global news

លោកនាយករដ្ឋមន្ត្រី Ali Lamine Zeine បានបញ្ជាក់យ៉ាងច្បាស់ថា របបយោធាបានសម្រេចលុបចោលរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ និងយោធាដែលបានចុះហត្ថលេខាជាមួយបារាំង។ ដូច្នេះ វត្តមានរបស់ទាហានបារាំងនៅលើទឹកដីនីហ្សេក្នុងបរិបទបច្ចុប្បន្នគឺខុសច្បាប់។ ក្នុងពេលជាមួយគ្នានេះ វត្តមានរបស់ឯកអគ្គរដ្ឋទូតបារាំង Sylvain Itte ប្រចាំប្រទេសនីហ្សេ គឺខុសច្បាប់ដែរ ហើយការបណ្តេញអ្នកការទូតរូបនេះគឺមិនអាចបញ្ច្រាសបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខរបបយោធានីហ្សេបានសន្យាថា កងកម្លាំងអនុវត្តច្បាប់របស់ប្រទេសនឹងមិនចូលទៅក្នុងស្ថានទូតបារាំងដើម្បីអនុវត្តការនិរទេសនោះទេ។ សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីនីហ្សេ ត្រូវបាននាំចេញក្នុងបរិបទដែលក្រុមបាតុកររាប់រយនាក់បន្តប្រមូលផ្តុំគ្នានៅខាងក្រៅមូលដ្ឋានយោធា និងស្ថានទូតបារាំងក្នុងរដ្ឋធានី Niamey ដើម្បីដាក់សម្ពាធ បង្ខំឲ្យបារាំងដកឯកអគ្គរដ្ឋទូត លោក Sylvain Itte និងកងទ័ពទាំងអស់ដែលកំពុងឈរជើងនៅនីហ្សេ វិលត្រឡប់ទៅប្រទេសវិញ។

នាថ្ងៃដដែលនោះ បន្ទាប់ពីរយៈពេលជិតមួយខែនៃការបិទដែនអាកាសរបស់ខ្លួន ប្រទេសនីហ្សេបានបើកដែនអាកាសឡើងវិញចំពោះជើងហោះហើរពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិទាំងអស់។ លើសពីនេះ សេវាកម្មជើងគោកទាំងអស់នៅអាកាសយានដ្ឋានក៏ត្រូវបានដំណើរការឡើងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នីហ្សេនៅតែបិទដែនអាកាសរបស់ខ្លួនចំពោះរាល់ជើងហោះហើរយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ