នីហ្សេ ៖ របបយោធាអំពាវនាវឱ្យប្រទេសជិតខាងទទួលស្គាល់រដ្ឋាភិបាលថ្មី ដើម្បីអាចចាប់ផ្ដើមការសន្ទនា
(VOVWORLD) - រឿងរ៉ាវទាក់ទងនឹងលោកប្រធានាធិបតី Mohamed Bazoum បានបញ្ចប់ ហើយរាល់កិច្ចខិតខំប្រឹប្រែងដើម្បីស្ដារឡើងវិញសិទ្ធិអំណាចរបស់លោក ត្រឹមតែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។ ដំណោះស្រាយតែមួយគត់ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាគឺបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចទទួលស្គាល់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសនីហ្សេ ដូច្នេះការសន្ទនាអាចចាប់ផ្តើម។
បណ្តាប្រទេសអឺរ៉ុបបានជម្លៀសពលរដ្ឋរបស់ខ្លួនដោយសារការព្រួយបារម្ភអំពីជម្លោះនៅប្រទេសនីហ្សេ។ រូបថត៖ Reuters |
នេះជាសេចក្តីប្រកាសកាលពីថ្ងៃទី ១២ ខែសីហា របស់លោក Insa Garba Seydou សមាជិកក្រុមប្រឹក្សាជាតិការពារមាតុភូមិដែលបង្កើតឡើងដោយក្រុមរដ្ឋប្រហារនៅប្រទេសនីហ្សេ។។
នាថ្ងៃដដែលនោះ របបយោធាដែលបង្កើតឡើងដោយក្រុមរដ្ឋប្រហារនៅប្រទេសនីហ្សេ ជាថ្មីម្តងទៀតបានទាមទារឱ្យរដ្ឋាភិបាលបារាំងបញ្ចប់វត្តមានរបស់កងទ័ពបារាំងទាំងស្រុងនៅក្នុងប្រទេសនីហ្សេ។ អ្នកនាំពាក្យរបបយោធាលោក Abdel Rahmane Amadou បានរំលឹកថា របបយោធានីហ្សេកាលពីថ្ងៃទី ៣ ខែសីហា បានប្រកាសជាផ្លូវការនូវការលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាចំនួន ៥ ដែលបានចុះហត្ថលេខាជាមួយបារាំង ដោយសង្កត់ធ្ងន់ថា វត្តមានរបស់កងទ័ពបារាំងនៅប្រទេសនីហ្សេបន្ទាប់ពីពេលវេលានេះគឺខុសច្បាប់។
ក្រុមប្រឹក្សាសន្តិភាពនិងសន្តិសុខសហភាពអាហ្រ្វិក (AU) បានប្រកាសពីការលើកពេលកិច្ចប្រជុំវិសាមញ្ញ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ សីហា ដើម្បីពិភាក្សាអំពីការព្យួរសមាជិកភាពរបស់នីហ្សេ។ ទន្ទឹមនឹងនេះដែរ សហគមន៍សេដ្ឋកិច្ចនៃអាហ្វ្រិកខាងលិច (ECOWAS) កាលពីម្សិលមិញបានប្រកាសថា នឹងបញ្ជូនគណៈកម្មាធិការសភាមួយទៅកាន់ប្រទេសនីហ្សេ ដើម្បីជួបជាមួយប្រមុខរបបយោធាដែលកំពុងកាន់អំណាចនៅក្នុងប្រទេសនេះ។ នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ សហភាពអឺរ៉ុប (EU) កាលពីម្សិលមិញបានអំពាវនាវឱ្យស្ដារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញក្នុងប្រទេសនីហ្សេឡើងវិញ ហើយបានបញ្ជាក់ពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ECOWAS និងការត្រៀមខ្លួនគាំទ្រប្លុកនេះ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខសហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា រដ្ឋប្រហារនៅប្រទេសនីហ្សេ បានបង្កផលប៉ះពាល់អវិជ្ជមានដល់សុខុមាលភាព និងសន្តិសុខរបស់ប្រជាជននីហ្សេ ក៏ដូចជាស្ថិរភាពក្នុងតំបន់។ សហភាពអឺរ៉ុបបានអះអាងថា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
ចំពោះជោគវាសនារបស់ប្រធានាធិបតីដែលត្រូវគេផ្ដួលរលំ លោក Mohamed Bazoum ប្រភពព័ត៌មានដ៏ជិតស្និទ្ធនឹងលោក Bazoum កាលពីថ្ងៃទី ១២ ខែសីហា បានឲ្យដឹងថា មេដឹកនាំរូបនេះបានទទួលការសួរសុខទុក្ខរបស់វេជ្ជបណ្ឌិតជាលើកដំបូងបន្ទាប់ពីការឃុំខ្លួនរយៈពេលជាច្រើនថ្ងៃនៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានី Niamey។ លោកប្រធានាធិបតី Bazoum ជាមួយភរិយានិងកូនប្រុស ត្រូវអង្គរក្សចាប់ខ្លួននិងឃុំខ្លួនតាំងពីយប់ថ្ងៃទី ២៦ ខែកក្កដា ក្នុងអំឡុងរដ្ឋប្រហារ៕