បើកកិច្ចប្រជុំកំពូលសកលលើកដំបូងស្តីពីបញ្ញាសិប្បនិម្មិតនៅចក្រភពអង់គ្លេស
(VOVWORLD) - កិច្ចប្រជុំកំពូលសកលស្តីពីបញ្ញាសិប្បនិម្មិត (AI) បានបើកជាលើកដំបូងនាថ្ងៃទី ១ ខែវិច្ឆិកា នៅ Bletchley Park ទីក្រុង Milton Keynes ចក្រភពអង់គ្លេស ដោយមានការចូលរួមពីគណៈប្រតិភូប្រមាណ ១០០នាក់ ដែលជាមេដឹកនាំនៃប្រទេសចំនួន ២៨ ជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងអ្នកវិទ្យាសាស្ត្រជាច្រើន។
សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១ - ២ ខែវិច្ឆិកា ក្រោមអាធិវតីភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ដោយពិភាក្សាអំពីហានិភ័យទាក់ទងនឹង AI ពោលគឺពីហានិភ័យបាត់បង់ការងារនិងការវាយប្រហារតាមអ៊ីនធឺណែត រហូតដល់ករណីដែលមនុស្សបាត់បង់ការគ្រប់គ្រងលើ AI និងវិធានការកាត់បន្ថយហានិភ័យ។ លើសពីនេះ ខ្លឹមសារពិភាក្សានៅក្នុងសន្និសីទត្រូវបានពង្រីកបើប្រៀបធៀបទៅនឹងផែនការដើម រួមទាំងបញ្ហាទូលំទូលាយទាក់ទងនឹង AI ដូចជា deepfake (ការក្លែងបន្លំមុខមាត់) និងការថែទាំសុខភាព។
នាថ្ងៃដដែលនោះ អង់គ្លេសបានប្រកាស "សេចក្តីថ្លែងការណ៍ Bletchley" ដោយមានការយល់ព្រមពីប្រទេសចំនួន២៨ សំដៅលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ជាសកល ធានាសុវត្ថិភាពក្នុងវិស័យបញ្ញាសិប្បនិមិត្ត(AI)។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បានគ្របដណ្តប់លើគោលបំណងសំខាន់ៗនៃសន្និសីទ ស្តីពីការលើកកម្ពស់ស្មារតីឯកភាពនិងការទទួលខុសត្រូវរួមទាក់ទងនឹងហានិភ័យ ឱកាស និងដំណើរការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធានាការប្រើប្រាស់និងការស្រាវជ្រាវ AI ប្រកបដោយសុវត្ថិភាព ជាពិសេសតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ។ សេចក្តីថ្លែងការណ៍ក៏បានលើកទឹកចិត្តឱ្យមានតម្លាភាព និងទំនួលខុសត្រូវពីភាគីដែលមានបំណងអភិវឌ្ឍបច្ចេកវិទ្យា AI នៅក្នុងផែនការរបស់ពួកគេ ដើម្បីវាយតម្លៃ តាមដាន និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានឡើង៕