បើកកម្មវិធីដំណើរក្រហមទូទាំងប្រទេសលើកទី១១ ឆ្នាំ២០២៣
(VOVWORLD) - ដំណើរក្រហមបានប្រព្រឹត្តទៅក្នុងខែមិថុនានិងកក្កដា នៅតាមខេត្តក្រុងចំនួន ៤៨/៦៣ ដោយមានគោលបំណងឃោសនានិងពិគ្រោះយោបល់ដល់មនុស្ស ១ លាននាក់ អំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំងឺ Thalassemia (តាឡាសសេម៉ី) ដោយរំពឹងថានឹងទទួលបានឈាមយ៉ាងហោចណាស់ ១២០.០០០ ឯកតា។
ពិធីបុណ្យបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅខេត្ត Bac Lieu មានមនុស្សចំនួន ១.៥០០ នាក់ចូលរួមបរិច្ចាគឈាម។ រូបថត៖ baotintuc.vn |
នាយប់ថ្ងៃទី ៥ ខែមិថុនា នៅខេត្ត Bac Lieu បានបើកកម្មវិធីដំណើរក្រហមទូទាំងប្រទេសលើកទី ១១ - ឆ្នាំ ២០២៣។ ដំណើរក្រហមបានប្រព្រឹត្តទៅក្នុងខែមិថុនានិងកក្កដា នៅតាមខេត្តក្រុងចំនួន ៤៨/៦៣ ដោយមានគោលបំណងឃោសនានិងពិគ្រោះយោបល់ដល់មនុស្ស ១ លាននាក់ អំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំងឺ Thalassemia (តាឡាសសេម៉ី) ដោយរំពឹងថានឹងទទួលបានឈាមយ៉ាងហោចណាស់ ១២០.០០០ឯកតា; កៀងគរអ្នកស្ម័គ្រចិត្តយ៉ាងហោចណាស់ ៨.០០០ នាក់នៅតាមមូលដ្ឋាន ជាយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តដែលចូលរួមព្រឹត្តិការណ៍ដំណើរក្រហមនៅក្នុងតំបន់។
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Ha Thanh នាយកមន្ទីរពេទ្យលោហិតវិទ្យានិងបញ្ចូលឈាមមជ្ឈិម បានបំភ្លឺអណ្តាតភ្លើងនៃ ដំណើរក្រហម ឆ្នាំ២០២៣។ រូបថត៖ baotintuc.vn |
ថ្លែងមតិនៅពិធីបើក នាយកមន្ទីរពេទ្យលោហិតវិទ្យានិងបញ្ចូលឈាមមជ្ឈិម ប្រធានគណៈកម្មាធិការរៀបចំដំណើរក្រហម លោក Nguyen Ha Thanh បានសង្កត់ធ្ងន់ថា៖ “អណ្តាតភ្លើងនៃដំណើរក្រហមត្រូវបានបំភ្លឺនៅទីលាន Hung Vuong ខេត្ត Bac Lieu - ជាប៉ូលខាងត្បូងនៃមាតុប្រទេស និងជាមូលដ្ឋានដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍។ ខ្ញុំជឿជាក់ថា អណ្តាតភ្លើងសប្បុរសធម៌នៃដំណើរក្រហមនឹងត្រូវបានផ្ទុះឡើងនិងរីកសាយភាយដល់គ្រប់ទិសទីនៃប្រទេសជាតិ; ជាមួយនឹងការយកចិត្តទុកដាក់និងការគាំទ្ររបស់ថ្នាក់ដឹកនាំ ការច្នៃប្រឌិត ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវរបស់គណៈកម្មាធិការដឹកនាំចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៃខេត្តក្រុងនានា ការរួមកម្លាំងកាយចិត្តរបស់ប្រជាជនគ្រប់ស្រទាប់នៅទូទាំងប្រទេស កម្មវិធីដំណើរក្រហមឆ្នាំនេះនឹងបន្តប្រព្រឹត្តិទៅប្រកបដោយជោគជ័យនិងគួរឱ្យចាប់អារម្មណ៍ ដែលនាំមកនូវគុណតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់សហគមន៍ ជាពុំខាន”៕