បេក្ខជន​នាយករដ្ឋមន្ត្រីថៃ លោក Pita Limjareonrat បើកចំហលទ្ធភាពដកខ្លួន​

(VOVWORLD) - ប្រធានគណបក្សរីកចម្រើន (MFP) លោក Pita Limjaroenrat កាលពីថ្ងៃទី ១៥ ខែកក្កដា បានប្រកាសថា លោកនឹងដកខ្លួនចេញពីតំណែងជាបេក្ខជននាយករដ្ឋមន្ត្រី ប្រសិនបើលោកបន្តទទួលបរាជ័យក្នុងសម័យប្រជុំបោះឆ្នោតនៃសភាទាំងពីរនៅសប្តាហ៍ខាងមុខនេះ។
បេក្ខជន​នាយករដ្ឋមន្ត្រីថៃ លោក Pita Limjareonrat បើកចំហលទ្ធភាពដកខ្លួន​ - ảnh 1លោក Pita Limjaroenrat បានបរាជ័យដោយមិនទទួលបានសំឡេងគាំទ្រចំនួន៣៧៥សំឡេងដែលត្រូវការ។ រូបថត៖ Thai PBS

ថ្លែងមតិតាមរយៈវីដេអូដែលបង្ហោះលើបណ្ដាញសង្គម លោក Pita មានប្រសាសន៍ថា៖ ប្រសិនបើ MFP ពិតជាមិនមានឱកាសបង្កើតរដ្ឋាភិបាលនោះទេ លោកត្រៀមខ្លួនទុកឱកាសដល់គណបក្សដើម្បីប្រទេសថៃ (Pue Thai) ដែលមានសម្លេងច្រើនជាងគេទី២ ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

នៅក្នុងការបោះឆ្នោតរបស់សភាទាំងពីរកាលពីថ្ងៃទី១៣ កក្កដា កន្លងទៅ លោក Pita គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលត្រូវបានតែងតាំង ប៉ុន្តែលោកបានបរាជ័យដោយមិនអាចទទួលបានសំឡេងគាំទ្រចំនួន៣៧៥សំឡេងដែលត្រូវការដើម្បីជាប់ឆ្នោត។ លទ្ធផលចុងក្រោយបានបង្ហាញថា លោក Pita ទទួលបានសំឡេងគាំទ្រចំនួន ៣២៤ សំឡេងតែប៉ុណ្ណោះ ខណៈដែលមានសំឡេងប្រឆាំងចំនួន១៨២សំឡេង និងសម្លេងអនុបវាទចំនួន ១៩៩ សំឡេង។

ប្រធានរដ្ឋសភាថៃលោក Wan Noor បានឲ្យដឹងថា លោក Pita នៅតែអាចត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងសម័យប្រជុំបោះឆ្នោតបន្ទាប់ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ - ២០ ខែកក្កដាខាងមុខ។ យោងតាមរដ្ឋធម្មនុញ្ញថៃ ដំណើរការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីមិនមានដែនកំណត់ពេលវេលានោះទេ ហើយនឹងប្រព្រឹត្តិទៅម្តងហើយម្តងទៀតរហូតដល់បេក្ខជនទទួលបានសំឡេងគាំទ្រចំនួន ៣៧៥ ដែលត្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ