បើកឆ្នាំទេសចរណ៍ជាតិ និងពិធីបុណ្យផ្កាជើងគោ Dien Bien ឆ្នាំ ២០២៤

(VOVWORLD) -ដោយប្រធានបទ “សិរីរុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” ឆ្នាំទេសចរណ៍ជាតិ ២០២៤ និងពិធីបុណ្យផ្កាជើងគោ Dien Bien បានបើកកាលពីយប់ថ្ងៃទី ១៦ មីនា នៅទីលាន ៧ ឧសភា ទីក្រុង Dien Bien Phu។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien។

បើកឆ្នាំទេសចរណ៍ជាតិ និងពិធីបុណ្យផ្កាជើងគោ Dien Bien ឆ្នាំ ២០២៤ - ảnh 1កម្មវិធីសិល្បៈក្នុងពិធីបើកឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤។ 

ឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ ត្រូវបានអនុវត្តន៍ដោយមានកម្មវិធី និងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ដ៏វិសេសវិសាលជិត ១៧០ ក្នុងទ្រង់ទ្រាយជាតិ និងអន្តរជាតិ ដែលប្រព្រឹត្តទៅពេញមួយឆ្នាំ។ នេះគឺជាកិត្តិយស និងជាឱកាសមួយសម្រាប់ខេត្ត Dien Bien ដើម្បីឧទ្ទេសនាមអំពីរូបភាព បដិសណ្ឋារកិច្ច និងផ្សព្វផ្សាយទេសចរណ៍ខេត្តលើផែនទីទេសចរណ៍វៀតណាម និងឆាកអន្តរជាតិផងដែរ។ ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានស្នើថា៖

“ដើម្បីដាស់សម្រស់ដ៏អាថ៍កំបាំងនៃព្រៃភ្នំភាគពាយ័ព្យឲ្យភ្ញាក់ពីដំណេក ក៏ដូចជាលក្ខណៈវប្បធម៌ដ៏សាមញ្ញក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន នាំទេសចរណ៍ Dien Bien រីកចម្រើនយ៉ាងពិតប្រាកដ ខេត្តចាំបាច់ត្រូវមានដំណោះស្រាយដ៏ទូលំទូលាយ ស៊ីសង្វាក់គ្នាក្នុងការរៀបចំផែនការមេ និងការទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតផលិតផលទេសចរណ៍ប្លែកៗ និងមានគុណភាពខ្ពស់ ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធអេកូទេសចរណ៍សហគមន៍ ដើម្បីពង្រីកតម្លៃដ៏គួរឱ្យទាក់ទាញនៃជីវភាពចម្រុះពណ៌វប្បធម៌នៅក្នុងតំបន់”។

ចំណុចលេចធ្លោនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ និងពិធីបុណ្យផ្កាជើងគោ Dien Bien ឆ្នាំ២០២៤ គឺកម្មវិធីសិល្បៈដោយប្រធានបទ "ត្រឡប់ទៅតំបន់ផ្កាជើងគោ" ដោយមានការចូលរួមពីតារាសម្ដែងអាជីព និងស្ម័គ្រចិត្ដជិត ១០០០ នាក់។ ក្រៅពីការទទួលបានបទពិសោធន៍ពីលក្ខណៈវប្បធម៌ប្លែកៗជាច្រើននៃតំបន់ទូទាំងប្រទេស ភ្ញៀវទេសចរក៏បានទស្សនាការសម្ដែងពន្លឺសិល្បៈ និងការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ។

បន្ទាប់ពីពិធីបើក សកម្មភាពចាប់ផ្តើមសម្រាប់ឆ្នាំទេសចរណ៍ជាតិនឹងបន្តត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ចាប់ពីពេលនេះរហូតដល់ខែឧសភាឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ