បើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ចិន
(VOVWORLD) - ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាយុទ្ធសាស្ត្រ បើកដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ រូបថត៖ VOV |
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋចិន បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវ។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាយុទ្ធសាស្ត្រ បើកដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋចិនបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព; អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Vo Van Thuong; អញ្ជើញមានជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue; អញ្ជើញជួបជាមួយឥស្សរជនមិត្តភាព និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
ជាពិសេស ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។ អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា៖ “ទិសដៅសហប្រតិបត្តិការជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃទំនាក់ទំនងវៀតណាម-ចិន ត្រូវបានចែងក្នុងសេចក្តីថ្លែងការណ៍រួមគឺពង្រឹងមូលដ្ឋានគ្រឹះសង្គមយ៉ាងរឹងមាំជាង។ សេចក្តីប្រាថ្នាដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅតាំងពីច្រើនជំនាន់មុនរបស់ប្រជាជននៃប្រទេសទាំងពីរស្ដីពីមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាប្រភពកម្លាំងពលំដ៏ធំធេង ហើយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនុកចិត្តអំពីអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងរវាងប្រទេសជិតខាងភាតរៈទាំងពីរ ដែលកំពុងស្ថិតលើផ្លូវកសាងសង្គមនិយម”។
រាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសទាំងពីរចិននិងវៀតណាម នាពេលបច្ចុប្បន្ននេះ បាននឹងកំពុងសរឲ្យឃើញថា មាគ៌ាអភិវឌ្ឍន៍ដែលប្រទេសទាំងពីរដែលបានជ្រើសរើសគឺត្រឹមត្រូវទាំងស្រុង ហើយការដែលប្រទេសទាំងពីរបានបង្កើនសាមគ្គីភាព សហប្រតិបត្តិការនឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗផងដែរ៕