បើកទ្វារទេសចរណ៍អន្តរជាតិតាមដំណើរការធានាសុវត្ថិភាព
(VOVWORLD) - គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨.៥០០ នាក់ទៅកាន់តំបន់ចំនួន ៣ គឺ Phu Quoc (Kien Giang) Khanh Hoa និង Quang Nam។
លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានអញ្ជើញជាអធិបតីសិក្ខាសាលា (រូបថត៖ VOV) |
នារសៀលថ្ងៃទី២៤ ខែមករា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំ “សិក្ខាសាលាបង្រួបបង្រួមដំណើរការនិងដំណោះស្រាយបើកសកម្មភាពទេសចរណ៍អន្តរជាតិឡើងវិញ” តាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអនឡាញ តភ្ជាប់បណ្តាញពីទីតាំងចំនួន ២០ នៅតាមបណ្តាខេត្ត ក្រុង ចំណុះមជ្ឈិម។ គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨.៥០០ នាក់ទៅកាន់តំបន់ចំនួន ៣ គឺ Phu Quoc (Kien Giang) Khanh Hoa និង Quang Nam។ រហូតមកដល់ពេលនេះ ចំនួនភ្នាក់ងារទេសចរណ៍អន្តរជាតិ គ្រឹះស្ថានស្នាក់នៅទេសចរណ៍ និងអង្គភាពដឹកជញ្ជូនដែលបានចុះឈ្មោះទទួលភ្ញៀវ កំពុងកើនឡើង។ ភ្ញៀវទេសចរអន្តរជាតិដែលចូលរួមក្នុងកម្មវិធីសាកល្បង សុទ្ធតែមានមតិវិជ្ជមានសម្រាប់គោលដៅល្បីៗនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានចាត់ទុកថា៖ វៀតណាមកំពុងនៅចំពោះមុខនឹងឱកាសដ៏ល្អដើម្បីបើកទូលាយដល់ទេសចរណ៍អន្តរជាតិ។
ខេត្តចំនួន ២០ បានភ្ជាប់អ៊ីនធឺណិតដើម្បីចូលរួមសិក្ខាសាលា (រូបថត៖ VOV) |
“ជាមួយនឹងលក្ខណៈដូចប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ នៅពេលដែល អត្រាចាក់វ៉ាក់សាំងស្ថិតក្នុងកំពូលទាំង ១០ លើពិភពលោក ហើយនៅពេលដែលការប្តេជ្ញាចិត្តរបស់វិស័យសុខាភិបាល និងគោលនយោបាយរបស់នាយករដ្ឋមន្រ្តីស្តីពីយុទ្ធនាការនិទាឃរដូវចាក់វ៉ាក់សាំងបង្ការដល់ថ្ងៃទី ៣០ ខែមីនា ពោលគឺ វ៉ាក់សាំងដូសទី៣ នឹងត្រូវបានចាក់ជូនប្រជាជនទាំងមូល នេះក៏ជាឱកាសមួយសម្រាប់យើងដើម្បីពិចារណាការបើកទីផ្សារឡើងវិញ យើងមានពេលវេលាជាក់ស្តែងមួយចាប់ពីពេលនេះរហូតដល់ថ្ងៃបើក ហើយទីផ្សារអន្តរជាតិ អាជីវកម្ម ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារពាក់ព័ន្ធនឹងរៀបចំលក្ខណៈ ដើម្បីទទួលស្វាគមន៍ភ្ញៀវដោយមធ្យោបាយងាយស្រួលបំផុត និងប្រាកដបំផុត”។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកទាំងស្រុងនូវសកម្មភាពទេសចរណ៍អន្តរជាតិ ស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាម និងទទួលភ្ញៀវទេសចរបរទេសតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១ ខែ ឧសភាខាងមុខ៕