បើកពិធីបុណ្យវប្បធម៌ ទេសចរណ៍ និងភោជនាហារអន្តរជាតិ Ha Giang ឆ្នាំ ២០២៤
(VOVWORLD) - ពិធីបុណ្យវប្បធម៌ ទេសចរណ៍ និងភោជនាហារអន្តរជាតិ Ha Giang បានបើក កាលពីយប់ថ្ងៃទី ២៩ មីនា នៅទីក្រុង Ha Giang។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈិម ស្ថានទូតនៃប្រទេសមួយចំនួន; តំណាងធុរកិច្ចក្នុងប្រទេសនិង ខេត្តយូណាន (ប្រទេសចិន) ... រួមជាមួយនឹងប្រជាជន ភ្ញៀវទេសចរទាំងជាតិនិងអន្តរ ជាតិយ៉ាងច្រើនកុះករ។
ស្តង់លក់ម្ហូបអាហារដ៏ពិសេសរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត Ha Giang។
(រូបថត៖ VNA) |
ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ (២៩-៣១ ខែមីនា) ពិធីបុណ្យគឺសំដៅផ្សព្វផ្សាយ តម្លៃវប្បធម៌ ទេសចរណ៍ និងភោជនាហារក្នុងទ្រង់ទ្រាយអន្តរជាតិ តាមនោះលើក កំពស់ពាណិជ្ជសញ្ញា ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្ត ក្រុងក្នុងប្រទេស ជាមួយប្រទេសផ្សេងៗ បង្កើនការឧទ្ទេសនាមអំពីគោលដៅទេសចរណ៍ បង្កើតឱកាស សម្រាប់អាជីវកម្ម អង្គការ និងបុគ្គលនានាជួបប្រាស្រ័យ តាំងបង្ហាញនិងឧទ្ទេសនាម អំពីផលិតផលពិសេសប្រចាំមូលដ្ឋាន។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Nguyen Van Son បានឲ្យដឹងថា ពិធីបុណ្យមានស្តង់ទំនិញចំនួន ៦៥ ក្នុងនោះមាន ២២ ស្តង់មកពីខេត្ត ក្រុងទូទាំងប្រទេស; ស្តង់ម្ហូបអាហារចំនួន ១៧ របស់ប្រទេសមួយចំនួនដូចជា ចិន អាស៊ែបៃហ្សង់ កូរ៉េខាងត្បូង ជប៉ុន ថៃ... រួមជាមួយ នឹងស្តង់ម្ហូបអាហារ និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍មកពីស្រុក ទីក្រុងចំនួន ១១ របស់ខេត្ត Ha Giang។
“ឆ្ពោះទៅរកគោលដៅកសាង និងកំណត់ទីតាំងពាណិជ្ជសញ្ញាទេសចរណ៍ Ha Giang ក្នុងសម័យកាលថ្មី ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអាចទទួលបានបទពិសោធន៍អំពីវប្បធម៌នៃតំបន់នានា និងសម្របខ្លួន ក្នុងបរិយាកាសវប្បធម៌របស់បណ្ដាជនជាតិ និងកម្មវិធីសិល្បៈដោយប្រធានបទ "Ha Giang - ពណ៌វប្បធម៌"; រីករាយជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់និងពិសេសដែលកែច្នៃ ដោយមេចុងភៅមកពីខេត្ត ក្រុងចំនួន ២២ ទូទាំងប្រទេស និងស្រុកនានានៃខេត្ត Ha Giang។ នេះក៏ជាឱកាសដើម្បីជំរុញការតភ្ជាប់រវាងខេត្ត Ha Giang ជាមួយខេត្ត ទីក្រុង សមាគម និងអាជីវកម្មទេសចរណ៍ ... ដើម្បីរួមដៃគ្នាក្នុងការកសាងផលិតផល ខ្សែ ទេសចរណ៍ថ្មី និងពង្រីកទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ”៕