បើកវេទិកាសៀងសានប៉េកាំង លើកទី ៩
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែតុលានេះ វេទិកា សៀង សានប៉េកាំង លើកទី ៩ បានបើកនៅទីក្រុងប៉េកាំងប្រទេស ចិន។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមក្នុងវេទិកានេះ។
រដ្ឋមន្ត្រី លោក Ngo Xuan Lich អញ្ជើញចូលរួមក្នុងវេទិកាសៀងសាន |
វេទិកា សៀងសានប៉េកាំង (Xianghsan) លើកទី ៩ បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១ និង២២ ខែតុលា ដោយមានប្រធានបទគឺ “ការរក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងលើកកម្ពស់សន្តិភាពនៅអាស៊ី-ប៉ាស៊ីហ្វិក”។ អញ្ជើញថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី១ ក្រោមប្រធានបទ “ទំនាក់ទំនងជាមួយបណ្តាប្រទេសធំៗនិងសណ្តាប់ធ្នាប់អន្តរជាតិ” នោះ អគ្គលេខាធិការរងអាស៊ានលោក Hoang Anh Tuan បានចែករំលែក នូវទស្សនៈរបស់អាស៊ានស្តីពីទំនាក់ទំនងជាមួយប្រទេសធំៗ ការរក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងការលើកកម្ពស់សន្តិភាពក្នុងតំបន់។ ក្នុងឱកាសនេះ លោក Hoang Anh Tuan ក៏ បានអោយដឹងថា ថ្នាក់ដឹកនាំអាស៊ានបានអនុម័តលើទស្សនៈអំពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក របស់អាស៊ាន។ យ៉ាងណាមិញ អាស៊ានបានទទួលស្គាល់យ៉ាងច្បាស់ថា សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ អាចសម្រេចបាន លុះត្រាតែ ប្រទេសទាំងអស់ក្នុងតំបន់ព្រមព្រៀងគាំទ្រគោលដៅដូចដែលបានពោលខាងលើ។ ហើយអាស៊ានបាននិងកំពុងបន្ត អំពាវនាវឱ្យមានសន្តិភាពជាជាងសង្គ្រាម និងកិច្ចសហប្រតិបត្តិការជាជាងការប្រកួតប្រជែង។
អគ្គលេខាធិការរងអាស៊ានលោក Hoang Anh Tuan អញ្ជើញថ្លែងក្នុងវេទិកា |
អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកទី ២ ជាមួយប្រធានបទ “ការគ្រប់គ្រងហានិភ័យអំពីសន្តិសុខនៅអាស៊ី - ប៉ាស៊ីហ្វិក” នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានមានប្រសាសន៍ថា៖ ដើម្បីគ្រប់គ្រងល្អនូវហានិភ័យសន្តិសុខក្នុងតំបន់ ត្រូវការនូវតម្រូវការចំនួន ៤ គឺៈ លើកកម្ពស់ស្មារតីយកច្បាប់ជាចម្បង និងគោរពគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងអន្តរជាតិក៏ដូចជាក្នុងការដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នា; លើកកម្ពស់ការទទួលខុសត្រូវរបស់ប្រទេសធំៗ; ពង្រីកនូវតួនាទីនិងប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីក្នុងការកសាងទំនុកចិត្តនិងគ្រប់គ្រងសន្តិសុខក្នុងតំបន់; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើស្មារតីនៃភាពជាដៃគូដើម្បីការទទួលខុសត្រូវសម្រាប់សហគមន៍។ ជាពិសេសត្រូវគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខក៏ដូចជា កិច្ចព្រមព្រៀងនានាក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ។
រដ្ឋមន្ត្រី លោក Ngo Xuan Lich នៅឯមស័យប្រជុំពេញអង្គលើកទី២ |
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានមានប្រសាសន៍ថា ស្ថានភាពនៅសមុទ្រខាងកើតនៅតែមានភាពស្មុគស្មាញ បើមិនដោះស្រាយឱ្យបានល្អនោះ វានឹងប៉ះពាល់ដល់សន្តិភាព ស្ថិរភាពក្នុងតំបន់និងបំផ្លាញជំនឿទុកចិត្តគ្នាក្នុងចំណោមប្រជាជាតិនានា រួមទាំងរារាំងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងតំបន់ជាពុំខាន។ គោលជំហររបស់វៀតណាមគឺគាំទ្រនិងការពារសេរីភាពក្នុងការធ្វើដំណើរ ការពារសន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍និងអាកាសចរ ណ៍នៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ។ យ៉ាងណាមិញ វៀតណាមបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំបានជឿជាក់ថា ដ្បិតតែលក្ខណៈខុសគ្នារវាងភាគីជម្លោះគឺមិនអាចចៀសផុតបានទេ ប៉ុន្តែបញ្ហាសមុទ្រខាងកើត ត្រូវតែដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើកម្លាំងទេ។ ពោលគឺ បញ្ហានេះត្រូវបានដោះស្រាយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គោ រពផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនីមួយៗដោយស្មារតីនៃភាពជាដៃគូ ដើម្បីការទទួលខុសត្រូវរបស់សហគមន៍។ វៀតណាមសន្យា នឹងខិតខំរួមជាមួយបណ្តាប្រ ទេសនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសម្រាប់កសាងសមុទ្រខាងកើតឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់នៅក្នុងនិងក្រៅតំបន់ផងដែរ”។
រដ្ឋមន្ត្រី លោក Ngo Xuan Lich ថ្លែងក្នុងវេទិកា |
លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានបញ្ជាក់ថា សន្តិសុខនិងស្ថិរភាពរបស់ចិនក៏ដូចជាបណ្តាប្រទេសអាស៊ានគឺមិនអាចបំបែកចេញបានទេ។ ហេតុដូច្នេះភាគីទាំងពីរជានិច្ចកាលយកចិត្តទុកដាក់និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់មួយដែរ។
ក្នុងឱកាសខួបលើកទី ១០ នៃការបើកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM +) នោះ វៀតណាមបានស្នើអាស៊ាននិងដៃគូនានា រួមគ្នាបង្កើតទស្សនវិស័យយុទ្ធសាស្ត្រអំពីសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក សម្រាប់ធ្វើជាមូលដ្ឋាននៃការកំណត់ក្របខ័ណ្ឌនិងគោលដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីតំបន់អាស៊ី - ប៉ាស៊ីហ្វិកមួយប្រកបដោយដោយ សន្តិភាព ស្ថិរភាព និងវិបុលភាព ជាពិសេស ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការនៅជុំវិញពិភពលោក៕