បើកវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញស្តីពីកំណើនបៃតង
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែកញ្ញា វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញលើកទី៤ ក្រោមប្រធានបទ “កំណើនបៃតង - ដំណើរឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ” បានបើកនៅទីក្រុងហូជីមិញ។
វេទិកានេះផ្តោតលើប្រធានបទសំខាន់ៗចំនួន ៦ រួមមាន៖ និន្នាការអភិវឌ្ឍន៍កំណើនបៃតង និងសេដ្ឋកិច្ចវិលជុំសម្រាប់ទីក្រុងធំៗ (ដូចជាទីក្រុងហូជីមិញ); កសាងប្រព័ន្ធអេកូឡូស៊ីនៃគំរូសេដ្ឋកិច្ចវិលជុំក្នុងបរិបទឆ្ពោះទៅគោលដៅការបំភាយឧស្ម័នសុទ្ធដល់សូន្យ; គោលនយោបាយក្នុងការកសាងកំណើនបៃតងឆ្ពោះទៅកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យ និងបេសកកម្មរបស់អាជីវកម្ម; ធនធាននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ដោយគោលបំណងកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យនិងបេសកកម្មនៃអាជីវកម្ម; មេរៀន និងបទពិសោធន៍អន្តរជាតិលើកកម្ពស់កំណើនបៃតង និងសេដ្ឋកិច្ចវិលជុំ; ស្ថានភាពបច្ចុប្បន្នរបស់ទីក្រុងហូជីមិញ និងដំណោះស្រាយក្នុងដំណើរការអនុវត្តគំរូកំណើនបៃតង។ លោក Vo Van Hoan អនុប្រធានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអះអាងថា៖ “កំណើនបៃតងគឺចាំបាច់ និងមិនអាចផ្លាស់ប្តូរបានទេ។ សកម្មភាពរបស់យើងមានលក្ខណៈសម្រេច នោះជាសកម្មភាពរបស់រដ្ឋ សកម្មភាពរបស់ធុរកិច្ច និងសហគមធុរកិច្ចនីមួយៗ ជាទង្វើរបស់ប្រជាពលរដ្ឋម្នាក់ៗ”។
វេទិកានេះត្រូវបានរៀបចំឡើងដើម្បីអនុវត្ត "យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០"។ ក្នុងចំណោមនោះ ទីក្រុងហូជីមិញដើរតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងជាច្រកសម្រាប់ការផ្លាស់ប្តូរអន្តរជាតិរបស់ប្រទេស។ ក្នុងនាមជាមូលដ្ឋានត្រួសត្រាយផ្លូវក្នុងការស្នើ និងអនុវត្តគោលនយោបាយជាតិសំខាន់ៗ ទីក្រុងបានអនុម័តផែនការអនុវត្ត "យុទ្ធសាស្ត្រកំណើនបៃតងឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទីក្រុងហូជីមិញ" ដល់ឆ្នាំ ២០៣០៕