បក្សនិងរដ្ឋតែងតែគោរពនិងដឹងគុណចំពោះពលីកម្មរបស់យុទ្ធជននិងប្រជាជនទូទាំងប្រទេសក្នុងសង្គ្រាមព្រំដែនភាគខាងជើង
(VOVWORLD) - ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងចង់ឲ្យអតីតយុទ្ធជនឆ្លើយតបយ៉ាងសកម្ម និងអនុវត្តន៍បានល្អនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ជាពិសេស និងផ្តល់ប្រឹក្សាដល់បក្ស រដ្ឋ អំពីកិច្ចការសម្រាប់យុទ្ធជន យុទ្ធជនពិការ និងថែទាំជនមានគុណូបការៈ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងគណៈកម្មាធិការទំនាក់ទំនងនៃសមាគមអតីតយុទ្ធជនទូទាំងប្រទេសរណសិរ្ស Vi Xuyen - Ha Tuyen (រូបថត៖ TTXVN) |
ក្នុងឱកាសនៃការបង្កើតសមាគមអតីតយុទ្ធជនទូទាំងប្រទេសរណសិរ្ស Vi Xuyen - Ha Tuyen (១៤ កក្កដា ២០១៦ - ១៤ កក្កដា ២០២២) និងឆ្ពោះទៅខួបលើកទី ៧៥ នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគណៈកម្មាធិការទំនាក់ទំនងនៃសមាគមអតីតយុទ្ធជនទូទាំងប្រទេសរណសិរ្ស Vi Xuyen - Ha Tuyen។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សង្គ្រាមព្រំដែននៅរណសិរ្ស Vi Xuyen តែងតែជាផ្នែកសំខាន់ក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមការពារជាតិរបស់ប្រជាជនវៀតណាម ព្រមទាំងអះអាងថា បក្ស រដ្ឋ តែងតែគោរពជានិច្ច និងដឹងគុណចំពោះពលីកម្ម ការលះបង់ និងការរួមចំណែករបស់នាយទាហាន យុទ្ធជន និងប្រជាជនទូទាំងប្រទេសក្នុងសង្គ្រាមព្រំដែនភាគខាងជើងនាប៉ុន្មានឆ្នាំ ១៩៧៩-១៩៨៩ ដើម្បីការពារឯករាជ្យនិងបូរណភាពទឹកដីនៃមាតុភូមិ ក្នុងនោះមានការប្រយុទ្ធនៅរណសិរ្ស Vi Xuyen ខេត្ត Ha Tuyen (អតីត) បច្ចុប្បន្នគឺខេត្ត Ha Giang។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណង ចង់ឲ្យអតីតយុទ្ធជនឆ្លើយតបយ៉ាងសកម្ម និងអនុវត្តន៍បានល្អនូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ជាពិសេស និងផ្តល់ប្រឹក្សាដល់បក្ស រដ្ឋ អំពីកិច្ចការសម្រាប់យុទ្ធជន យុទ្ធជនពិការ និងថែទាំជនមានគុណូបការៈ។
លោកប្រធានរដ្ឋក៏បានស្នើឱ្យខេត្ត Ha Giang និងក្រសួង ស្ថាប័ននានា បង្កើនការដោះស្រាយបញ្ហានៅសេសសល់ក្រោយសង្គ្រាមនៅតំបន់ព្រំដែនភាគខាងជើង ជាពិសេសផ្តោតលើការស្វែងរក និងប្រមូលផ្ដុំអិដ្ឋធាតុយុទ្ធជនពលីដែលនៅសេសសល់នៅរណសិរ្ស Vi Xuyen៕