បើកសន្និសីទ “ជួបប្រាស្រ័យទ្វីបអឺរ៉ុបឆ្នាំ២០១៨”

(VOVWORLD) - នាថ្ងៃទី២៥ ឧសភា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំវៀតណាម សមាគមន៍សហគ្រាសអឺរ៉ុបប្រចាំវៀតណាម (EuroCham) រៀបចំសន្និសីទដោយប្រធានបទ “ជួបប្រាស្រ័យទ្វីបអឺរ៉ុបឆ្នាំ២០១៨” សំដៅបង្កើនកិច្ចសហប្រតិបតិ្តការរវាងតំបន់នានារបស់វៀតណាមជាមួយដៃគូអឺរ៉ុបលើវិស័យជាច្រើន។
បើកសន្និសីទ “ជួបប្រាស្រ័យទ្វីបអឺរ៉ុបឆ្នាំ២០១៨” - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ MoU រវាងក្រសួងការបរទេសវៀតណាមជាមួយ EuroCham

  អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងអឺរ៉ុបទទួលបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ដៃគូអឺរ៉ុបនានាបានក្លាយទៅជាមិត្តរួមដំណើរដ៏ស្និទ្ធស្នាលជាមួយវៀតណាមក្នុងកំណាត់ផ្លូវ៣០ឆ្នាំផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ព្រមទាំងបានបណ្ដាក់ទុន FDI ជិត ២៥ពាន់លានដុល្លាអាមេរិកចូលមកវៀតណាម និងជាអ្នកផ្ដល់ជំនួយឥតសំណងធំបំផុតរបស់ វៀតណាមផងដែរ។

        “រដ្ឋាភិបាលវៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សហគ្រាសអឺរ៉ុបចំនួន២ពាន់អង្គភាពនៅវៀតណាម។ វៀតណាមមានតម្រូវការអភិវឌ្ឍន៍លើវិស័យជាច្រើន ខណៈដែលដៃគូអឺរ៉ុបមានឧត្តមភាពអំពីប្រភពទុន ការគ្រប់គ្រងបច្ចេកវិទ្យា ជឿនលឿន។ បណ្ដាអង្គការសង្គមនិងដៃគូអឺរ៉ុប ក៏អាចបង្ហាញនូវសមត្ថភាពរបស់ខ្លួនលើវិស័យនានាទាក់ទិនដល់កិច្ចការពារបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ថាមពលកកើតឡើងវិញ បង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជាដើម”។

        ចំណែកឯលោក Bruno Angelet ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EUប្រចាំវៀតណាមបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU គ្រោងនឹងបានចុះហត្ថលេខានាចុងឆ្នាំនេះ។

        “ពេលដែលកិច្ចព្រមព្រៀង EVFTA ត្រូវបានចុះហត្ថលេខា វៀតណាមនឹងចូលរួមក្រុមប្រទេសមាន FTA ជំនាន់ថ្មីជាមួយ EU ដូចជាជប៉ុន កូរ៉េខាងត្បូង និងសឹង្ហបុរី។ អាចនិយាយបានថា ដល់ចុងឆ្នាំនេះ វៀតណាមនឹងមានឋានៈស្មើនឹងប្រទេសអាស៊ីធំៗ ដោយក្លាយទៅជាដៃគូពាណិជ្ជកម្មជាមួយ EU។ ប្រការនោះមានន័យថា EU នឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាមដែរ”។

        ក្នុងសន្និសីទនេះដែរ ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងតំណាងដៃគូអឺរ៉ុបនានា ក្រសួងការបរទេសវៀតណាមនិងសមាគមន៍សហគ្រាសអឺរ៉ុបប្រចាំវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សំដៅជំរុញកិច្ចសហប្រតិបតិ្តការរវាងសហគ្រាសនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ