បើកសម្ពោធគម្រោងការណ៍កសាងស្ពាន Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh ជាមួយស្ពាន Vam Cong

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ ឧសភា នៅឃុំ Tinh Thoi ទីក្រុង Cao Lanh ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម ថ្នាក់ដឹកនាំក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមបានរៀបចំពិធីបើកសម្ពោធគម្រោងការណ៍កសាងស្ពាន Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh ជាមួយស្ពាន Vam Cong ចំណុះគម្រោងការណ៍តភ្ជាប់តំបន់មជ្ឈមណ្ឌលវាលសណ្ដទន្លេ Cuu Long។ 
បើកសម្ពោធគម្រោងការណ៍កសាងស្ពាន Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh ជាមួយស្ពាន Vam Cong - ảnh 1 បណ្ដាតំណាងកាត់ខ្សែបូសម្ពោធ (រូបថត៖ VOV)

  ចូលរួមព្រឹត្តិការណ៍នេះមានឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop រួមជាមួយតំណាងក្រសួង ស្ថាប័នមជ្ឈឹម ក៏ដូចជាថ្នាក់ដឹកនាំបណ្ដាខេត្តក្រុងក្នុងតំបន់វាលសណ្ដទន្លេ Cuu Long ផងដែរ។

ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ដើម្បីជួយតំបន់វាលសណ្ដទន្លេ Cuu Long ពង្រីកបាននូវសក្ដានុភាពនិងឧត្តមភាពរបស់ខ្លួន ហើយអភិវឌ្ឍន៍ដោយចីរភាពនិងវិបុលភាពនោះ គឺចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នាតាមទិសទំនើប ឆ្លាត និងបន្សាំល្អជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ ដោយហេតុនេះ គម្រោងការណ៍ស្ពាន Cao Lanh នាពេលបានដាក់ឲ្យដំណើរការនឹងរួមចំណែកកែលំអបណ្ដាញគមនាគមន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long បង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយបង្កើនការធានាសន្តិសុខការពារជាតិក្នុងតំបន់ផងដែរ។

“នេះជាសំណង់គមនាគមន៍ដែលមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Dong Thap និយាយដោយឡែកនិងតំបន់វាលសណ្ដទន្លេ Cuu Long និយាយរួម។ សំណង់នេះនឹងរួមចំណែកលើកកំពស់លទ្ធភាពប្រកួតប្រជែងរបស់តំបន់វាលសណ្ដទន្លេ Cuu Long ក៏ដូចជារបស់ខឿនសេដ្ឋកិច្ចវៀតណាមទាំងមូលផងដែរ”។

        ស្ពាន Cao Lanh ឆ្លងកាត់ទន្លេ Tien មានប្រវែង២,០១គ.ម ហើយខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh - ស្ពាន Vam Cong មានប្រវែង២១,៤៥គ.ម។ គម្រោងការណ៍នេះត្រូវបានវិនិយោគដោយប្រភពទុនឧបត្ថម្ភឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ទុនកម្ចីពីធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីនិងទុនបំពេញបន្ថែមរបស់រដ្ឋាភិបាល ដោយតំលៃសុរបចំនួន៧៥០០ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ