បើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង BRICS
(VOVWORLD) - នៅថ្ងៃទី ២២ ខែមីនា ពិធីបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង BRICS ត្រូវបានប្រព្រឹត្តិទៅតាមទម្រង់អនឡាញ។
រូបភាព៖ AFP/TTXVN |
នៅក្នុងពិធីនេះ ប្រទេស BRICS ចំនួន ៥ (រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បានស្នើចេញគំនិតផ្តួចផ្តើមមួយ ដោយពង្រឹងកិច្ចសហប្រតិបត្តិការវ៉ាក់សាំង ដើម្បីធានាលទ្ធភាពទទួលបានវ៉ាក់សាំងនិងសមត្ថភាពចំណាយលើវ៉ាក់សាំងនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការចែកចាយដោយសមធម៌ ដូចជាទំនិញសាធារណៈសកលផងដែរ។ គំនិតផ្តួចផ្តើមនេះ ក៏មានគោលបំណងលើកកំពស់សមត្ថភាពរបស់ប្រទេស BRICS ក្នុងការគ្រប់គ្រងជំងឺឆ្លងនិងឆ្លើយតបទៅនឹងព្រឹត្តិការណ៍សុខភាពជាសាធារណៈ។
រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រនិងនវានុវត្តន៍អាហ្រ្វិកខាងត្បូង លោក Blade Nzimande បានស្វាគមន៍ចំពោះការបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង BRICS ហើយបានចាត់ទុកថា គំនិតផ្តួចផ្តើមនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីលើកកំពស់សមត្ថភាពសម្រាប់ប្រទេសជាសមាជិក។ យោងតាមរដ្ឋមន្ត្រី Nzimande នៅពេលចូលកាន់តំណែងជាប្រធាន BRICSឆ្នាំ២០២៣ អាហ្វ្រិកខាងត្បូងនឹងផ្តល់អាទិភាព បន្តអភិវឌ្ឍនិងសាងសង់មជ្ឈមណ្ឌល ដោយផ្អែកលើអ្វីដែលចិន-ប្រធាន BRICS នាបច្ចុប្បន្ន កំពុងតែធ្វើ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន លោក Wang Zhigang បានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងសហការជាមួយបណ្តាប្រទេស BRICS ដើម្បីរួមគ្នាកសាងរោងចក្រនិងកំណត់ស្តង់ដាររួម ដើម្បីពង្រឹងកិច្ចការពារនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំមកនូវក្តីសង្ឃឹមនិងទំនុកចិត្តលើការស្តារឡើងវិញខឿនសេដ្ឋកិច្ចពិភពលោក៕