បើកសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៥
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ តុលា នៅរដ្ឋធានីហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ៦។ អញ្ជើញចូលរួមសម័យបើក មានអគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue តំណាងបណ្ដាអង្គទូត អង្គការអន្តរជាតិ រួមជាមួយនឹង សមាជិករដ្ឋសភាជាង ៤៩០ នាក់។ សម័យបើកត្រូវបានផ្សាយផ្ទាល់ដោយវិទ្យុសំឡេងវៀតណាម ទូរទស្សន៍វៀតណាម និងទូរទស្សន៍រដ្ឋសភាវៀតណាម។
សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំសម័យប្រជុំ។ (រូបថត៖ quochoi.vn) |
អញ្ជើញថ្លែងសុន្ទរកថាបើក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា ក្នុងសម័យប្រជុំពាក់កណ្តាលអាណត្តិលើកនេះ រដ្ឋសភានីតិកាលទី ១៥ នឹងពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ តាមនោះ រដ្ឋសភានឹងពិនិត្យលើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ ២០២៣; ពិចារណា និងសម្រេចលើផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម គម្រោងថវិការដ្ឋ និងផែនការ
បែងចែកថវិកាមជ្ឈិមសម្រាប់ ឆ្នាំ២០២៤ ក្នុងនោះមានផែនការកែទម្រង់ប្រាក់បៀវត្សរ៍ចាប់ពីខែកក្កដា ឆ្នាំ២០២៤; ពិនិត្យរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីលទ្ធផលអនុវត្តផែនការ ៥ ឆ្នាំ ដំណាក់កាល ២០២១ - ២០២៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំរចនាសម្ព័ន្ធ សេដ្ឋកិច្ចឡើងវិញ ការវិនិយោគសាធារណៈរយៈពេលមធ្យម ហិរញ្ញវត្ថុជាតិ បំណុល ជាតិ និងការសងបំណុលសាធារណៈ ជាដើម។ ទាក់ទងនឹងការងារនីតិបញ្ញត្តិ រដ្ឋសភា នឹងពិចារណាអនុម័ត
លើសេចក្តីព្រាងច្បាប់ចំនួន៩ រួមទាំងច្បាប់សំខាន់ៗដូចជា៖ ច្បាប់ ភូមិបាល (វិសោធនកម្ម); ច្បាប់លំនៅឋាន (វិសោធនកម្ម); ច្បាប់អាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម); ច្បាប់ធនធានទឹក (វិសោធនកម្ម)…
ក្នុងសម័យប្រជុំលើកនេះ សកម្មភាពឃ្លាំមើលការសួរដេញដោលនិងឆ្លើយការ សួរដេញដោលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃកន្លះ។ រដ្ឋសភាក៏នឹងធ្វើការបោះឆ្នោត ទំនុកចិត្តសម្រាប់មុខតំណែងដែលត្រូវបានជ្រើសតាំងឬអនុម័តដោយរដ្ឋសភា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា៖ “នេះជាវិធីសាស្ត្រឃ្លាំមើលដ៏សំខាន់មួយ ដែលបង្ហាញឱ្យឃើញពីការទទួល ស្គាល់ និងការវាយតម្លៃរបស់រដ្ឋសភាចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងារ តាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ របស់អ្នកដែលត្រូវបានបោះឆ្នោតទំនុក ចិត្ត។ ផ្អែកលើរបាយការណ៍របស់អ្នកដែលត្រូវបានបោះឆ្នោតទំនុកចិត្ត ដែលបានផ្ញើ ទៅកាន់សមាជិករដ្ឋសភាម្នាក់ៗ ការស្តាប់មតិរបស់អ្នកបោះឆ្នោត ពីតថភាពជាក់ស្ដែង នៃការតាមដាននិងឃ្លាំមើលរបស់ខ្លួន ខ្ញុំស្នើឲ្យសមាជិករដ្ឋសភាម្នាក់ៗ លើកកម្ពស់ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ អង្គការ និងសកម្មភាពរបស់រដ្ឋសភា និងក្បាលម៉ាស៊ីនរដ្ឋ ដើម្បីវាយតម្លៃយ៉ាងស្មោះត្រង់ សត្យានុម័ត និងត្រឹមត្រូវ សម្រាប់ មុខតំណែងនីមួយៗ ដែលរដ្ឋសភាជ្រើសតាំង និងអនុម័ត”។
បន្ទាប់មក រដ្ឋសភាបានស្តាប់នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៤។ សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ ចែកជា ២ វគ្គ (វគ្គទី ១ ចាប់ពីថ្ងៃ ទី២៣ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា; វគ្គទី ២ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា)៕