បង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitri Medvedev នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ខែឧសភា។ 

ក្នុងបរិបទដែលប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី(ឆ្នាំ១៩៩៤ - ២០១៩) និងឆ្ពោះទៅពីធីរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - សហព័ន្ធរុស្ស៊ី (ឆ្នាំ១៩៥០ -  ២០២០) នាពេលខាងមុខនោះ ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសទាំងពីរ ឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្ដែងថែមទៀតផងដែរ។

នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (អតីតសហភាពសូវៀត) គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដើមដំបូង ដែលបានទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ ចាប់ពីពេលនោះមក សញ្ញាសម្គាល់នេះបានចាក់គ្រឹះសម្រាប់ចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

បង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី - ảnh 1(̣ រូបថត៖ TTXVN)

សមិទ្ធិផលសហប្រតិបត្តិការដ៏ធំធេង

បន្តសមិទ្ធផលដ៏ធំធេងនៃចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីនោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីបានអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឥតឈប់ឈរ ក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅ។ដើម្បីឆ្លើយតបនឹងតម្រូវការសហប្រតិបត្តការទ្វេភាគីក្នុងសករាជថ្មីនោះ  នាឆ្នាំ ២០១២ វៀតណាម និងសហព័ន្ធរុស្ស៊ីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

ចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងនយោបាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីគឺជាការជឿទុកចិត្តខ្ពស់លើទម្រង់កិច្ចសហប្រតិបត្តិការដ៏សម្បូរបែប។ វៀតណាម និងសហព័ន្ធរុស្ស៊ីបានបង្កើតយន្តការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំឆ្នាំ។ នៅលើវេទិកាអន្តរជាតិ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈរួម ជាច្រើន រួមសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) វេទិកាកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងវេទិកាតំបន់អាស៊ាន (ARF)។

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានការរីកចម្រើនជាវិជ្ជមាន និងរស់រវើក ជាពិសេសគឺ ក្រោយពីពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុបសុពលភាពនាខែតុលា ឆ្នាំ២០១៦។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤,៥ ពាន់លានដុល្លារអាមេរិក កើន ២៨,៥% បើធៀបនឹងឆ្នាំ២០១៧។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ២៤ក្នុងចំណោមប្រទេស និងតំបន់ដែនដី ដែលបានវិនិយោគទុនចូលវៀតណាម ដោយមានគម្រោងចំនួន ១២៧ ក្នុងទឹកប្រាក់ចុះបញ្ជីជាង ៩៥០ លានដុល្លារអាមេរិក។ វៀតណាមមានគម្រោងចំនួន ២០ ដែលបានវិនិយោគទុននៅរុស្ស៊ី ដោយមានទុនសរុបប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។

កិច្ចសហប្រតិប្តតិការលើវិស័យអប់រំ និងបណ្តុះបណ្តាលទ្វេភាគីកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចប្បន្ននេះ ជារៀងរាល់ឆ្នាំសហព័ន្ធរុស្ស៊ីបានផ្ដល់ អាហារូបករណ៍ចំនួន ១ ពាន់ចំណែកសម្រាប់និស្សិតវៀតណាម។ ទន្ទឹមនឹងនេះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

រុស្ស៊ីបានគាំទ្រចំពោះគោលជំហររបស់វៀតណាម ក្នុងការដោះស្រាយជម្លោះលើសមុទ្រខាងកើត ដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង កសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។

សញ្ញាសម្គាល់ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចពោលខាងលើនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev និងតំណាងក្រសួង ស្ថាប័ន និងតំបន់នានារបស់រុស្ស៊ីនឹងធ្វើជាអធិបតីក្នុងពិធីសម្ពោធឆ្នាំវៀតណាមនៅរុស្ស៊ី នឹងឆ្នាំរុស្ស៊ីនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងផ្លាស់ប្ដូរមតិយ៉ាងទូលំទូលាយជាមួយថ្នាក់ដឹកនាំរុស្ស៊ីអំពីទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ ជាពិសេសគឺបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន និងជំនាន់យុវវ័យនៃប្រទេសទាំងពីរ។

ពិតណាស់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅសហព័ន្ធរុស្ស៊ីជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើន នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហភាពរុស្ស៊ីឡើងកម្ពស់ថ្មីមួយ ជាពិសេសគឺជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនរុស្ស៊ី អំពីទឹកដី និងមនុស្សវៀតណាម។ ហើយតាមនោះ បង្កើនមនោសញ្ចេតនាស្អិតរមួតចំណងមិត្តភាពស្មោះសររវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ