បង្កើនកិច្ចការពារ និងថែទាំសុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី
(VOVWORLD) - ក្រសួងសុខាភិបាលចាំបាច់ត្រូវបន្តពង្រឹងកិច្ចការពារ ថែទាំ លើកកម្ពស់សុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី ក៏ដូចជាធ្វើជាសេនាធិការជូនរដ្ឋាភិបាលកសាងឯកសារណែនាំការអនុវត្តច្បាប់ពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខ និងធ្វើការជាមួយក្រសួងសុខាភិបាល។ រូបថត៖ quochoi.vn |
នារសៀលថ្ងៃទី ៣០ មករា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញទៅសាកសួរសុខទុក្ខ និងធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានស្នើឲ្យផ្នែកសុខាភិបាលលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព ជួយឧបត្ថម្ភ និងលើកទឹកចិត្តគ្នាខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក សាកល្បង ព្រមទាំងធ្វើសកម្មភាពតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យដូចជាអ្នកម្តាយដ៏ស្លូតបូត” និងក្រមសីលធម៌សុខាភិបាលទាំង ១២ ប្រការ នៅពេលបំពេញភារកិច្ច។ លើសពីនេះទៅទៀត ក្រសួងសុខាភិបាលចាំបាច់ត្រូវបន្តពង្រឹងកិច្ចការពារ ថែទាំ លើកកម្ពស់សុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី ក៏ដូចជាធ្វើជាសេនាធិការជូនរដ្ឋាភិបាលកសាងឯកសារណែនាំការអនុវត្តច្បាប់ពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម) ដើម្បីនាំច្បាប់នេះចូលក្នុងជីវភាពរស់នៅជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ផងដែរ៕