បង្កើន​កិច្ចសហប្រតិបត្តិការសភា ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា - ឡាវ - វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ពីទីក្រុងហាណូយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំតាមអ៊ីនធឺរណែតជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ និងរដ្ឋសភាកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
បង្កើន​កិច្ចសហប្រតិបត្តិការសភា ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា - ឡាវ - វៀតណាម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ daibieunhandan.vn

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការកិច្ចការបរទេសនៃប្រទេសទាំងបីបានផ្តោតលើការពិភាក្សានិងផ្តល់យោបល់លើនីតិវិធី កម្មវិធីនិងសកម្មភាពនានាក្នុងក្របខ័ណ្ឌរបៀបវារៈ។ តាមនោះ ក្រៅពីសម័យបើកនិងបិទកិច្ចប្រជុំ នឹងប្រព្រឹត្តទៅសម័យប្រជុំដូចជា៖ សម័យប្រជុំគណៈកម្មាធិការកិច្ចការបរទេស ក្រោមប្រធានបទ “បង្កើនតួនាទីរបស់រដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ សាមគ្គីភាពនិងវិបុលភាព” ; សម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវប្បធម៌-សង្គម សំដៅផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា - ឡាវ - វៀតណាម ដោយឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន; សម័យប្រជុំស្តីពីបញ្ហាការពារជាតិនិងសន្តិសុខ ដោយផ្តោតលើការពង្រឹងតួនាទីឃ្លាំមើលរបស់សភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ចំពោះកិច្ចការការពារជាតិនិងសន្តិសុខ សំដៅធានាសន្តិភាពនិងស្ថេរភាព; សម័យប្រជុំនៃគណៈកម្មការពង្រៀងឯកសារ។

កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា - ឡាវ - វៀតណាមត្រូវបានរៀបចំឡើងដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការការពារជាតិ - សន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងបី និងតំបន់ទាំងមូល។ កិច្ចប្រជុំក៏ជំរុញនិងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀង កម្មវិធីសកម្មភាព និងគម្រោងសហប្រតិបត្តិការដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានឯកភាព ក៏ដូចជាកិច្ចព្រមព្រៀងពហុភាគីដែលប្រទេសទាំងបីជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ