បង្កើនទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អូទ្រីសឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ
(VOVWORLD) - នារសៀលថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើោញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ទទួលបន្ទុកអឺរ៉ុប និងអន្តរជាតិនៃសាធារណៈរដ្ឋអូទ្រីសលោក Alexander Schallenberg។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ VNA) |
សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអូទ្រីសនាពេលខាងមុខ លោករដ្ឋមន្ត្រី Bui Thanh Son និងលោករដ្ឋមន្ត្រី Schallenberg បានឯកភាពគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់ សម្របសម្រួលគ្នារៀបចំរាល់សកម្មភាពរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម-វិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលអូទ្រីសមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជាថាមពលកកើតឡើងវិញ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការប្រព្រឹត្តិកម្មកាកសំណល់ និងឧស្សាហកម្មកែច្នៃ។
ភាគីទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីរៀបចំសម័យប្រជុំគណៈកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម - អូទ្រីស នាពេលខាងមុខប្រកបដោយជោគជ័យ ឆ្លៀតយកឱកាសនិងផលប្រយោជន៍ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) នាំមកជូន។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យរដ្ឋាភិបាលអូទ្រីសគាំទ្រ និងជំរុញ រដ្ឋសភាអូទ្រីសផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU-វៀតណាម (EVIPA)។
ភាគីទាំងពីរបានអះអាងថាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងអង្គការពហុភាគី នានាដូចជាអង្គការសហប្រជាជាតិ ASEM អាស៊ាន- EU ផងដែរ៕