បញ្ចូនពលរដ្ឋវៀតណាមពី UAE វិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - ក្រុមពលរដ្ឋវៀតណាមរួមមានកុមារនិងសិស្សានុសិស្សដែលមានអាយុតិចជាង១៨ឆ្នាំ ជនចាស់ជរា អ្នកជំងឺ ភ្ញៀវទេសចរ និងពលករដែលកំពុងជួបការលំបាក។
ពលរដ្ឋវៀតណាមបំពេញបែបបទឡើងយន្តហោះនៅឯព្រលានយន្តហោះ Dubai នាថ្ងៃទី២ ឧសភា (រូបថត៖ baoquocte.vn) |
ក្នុងថ្ងៃទី២និងទី៣ ឧសភា សមត្ថកិច្ចវៀតណាមនិងស្ថានទូតវៀតណាមប្រចាំអេមីរ៉ាតអារ៉ាប់រួម (UAE) និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយសមត្ថកិច្ច UAE រៀបចំជើងហោះហើរជូនពលរដ្ឋ វៀតណាមជិត៣០០នាក់វិលត្រឡប់មកប្រទេសវិញ ក្នុងបរិបទដែលជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាមនិងអន្តរជាតិកំពុងត្រូវផ្អាកដោយសារជំងឺ Covid-19។
ក្រុមពលរដ្ឋពោលខាងលើរួមមានកុមារនិងសិស្សានុសិស្សមានអាយុតិចជាង១៨ឆ្នាំ ជនចាស់ជរា អ្នកជំងឺ ភ្ញៀវទេសចរ និងពលករដែលកំពុងជួបការលំបាក។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះ Can Tho មនុស្សទាំងអស់លើជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ។
នាពេលខាងមុខ សមត្ថកិច្ចវៀតណាមនឹងបន្តសហការជាមួយស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសត្រួតពិនិត្យនិងរៀបចំជើងហោះហើរជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពរស់នៅលំបាកវិលត្រឡប់មកប្រទេសវិញដោយផ្អែកលើបំណងប្រាថ្នារបស់ពលរដ្ឋ និងការវិវត្តន៍ពិតជាក់ស្ដែងនៃជំងឺឆ្លងនៅក្នុងនិងក្រៅប្រទេស៕