បញ្ជាក់ពីតួនាទីកណ្តាលរបស់អាស៊ានក្នុងការលើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការនិងសន្តិភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់
(VOVWORLD) - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាង ២០ បានប្រព្រឹត្តទៅ ក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរវាងអាស៊ាននិងដៃគូរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) (រូបថត៖ ក្រសួងការបរទេស) |
នៅថ្ងៃធ្វើការដំបូងថ្ងៃទី ២ ខែសីហា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM-54), ក្រុមប្រឹក្សាសហគមន៍នយោបាយ សន្តិសុខអាស៊ានលើកទី ២៣, ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៩, គណៈកម្មាធិការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនិងកិច្ចសន្ទនាជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីសិទ្ធិមនុស្សអាស៊ាន (AICHR)។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំទាំងនេះ។ ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា បណ្តាប្រទេសបានបញ្ជាក់ពីបំណងរបស់អាស៊ានក្នុងការគាំទ្រមីយ៉ាន់ ម៉ាជំនះលើការលំបាកនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញនាពេលបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ប្រជាជន។ ថ្នាក់ដឹកនាំអាស៊ានបានយល់ព្រមដាក់ពង្រាយជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់មីយ៉ាន់ម៉ាដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩ តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA)។
ថ្លែងមតិនៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវបន្តលើកកម្ពស់តួនាទីនៃយន្តការដឹកនាំដោយអាស៊ាន ធានានូវសំឡេងរួមនិងវិធីសាស្រ្តអភិក្រមតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ។ ទាក់ទងនឹងស្ថានភាពតំបន់និងអន្តរជាតិ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺកូវីដ -១៩, ជំរុញការស្តារនិងរក្សាកំណើននៅក្នុងតំបន់, ប្រកាន់ខ្ជាប់នូវគោលជំហរគោល ការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃអនុសញ្ញាឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ដែលជាក្របខ័ណ្ឌគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រនិងមហាសមុទ្រទាំងអស់។
ប្រតិភូចូលរួមកិច្ចប្រជុំ SEANWFZ (រូបថត៖ ក្រសួងការបរទេស)
|
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍សម្រាប់តំបន់គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់ពីការគាំទ្រចំពោះអាស៊ាន ដោយបន្តការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរស្តីពីការចូលរួមពិធីសារ SEANFWZ ក៏ដូចជាស្វាគមន៍ការបង្កើតក្រមប្រតិបត្តិអាស៊ានស្តីពីការឆ្លើយតបបន្ទាន់ចំពោះឧប្បត្តិហេតុនុយក្លេអ៊ែរនិងវិទ្យុសកម្ម៕