បញ្ហា Brexit៖ EU ចេញលក្ខខ័ណ្ឌលំបាកសម្រាប់ចក្រភពអង់គ្លេស
(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេស លោក Boris Johnson នាថ្ងៃទី ៨ ខែតុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថា ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប នឹងមិនអាចឈានដល់កិច្ចព្រមព្រៀង Brexit ឡើយ ប្រសិនបើអង់គ្លេស មិនយល់ព្រមអនុញ្ញាតឱ្យតំបន់អៀរឡង់ខាងជើងស្ថិតក្នុងសហភាពពន្ធគយសហភាពអឺរ៉ុប។
ប៉ុន្តែ ចំណែកឯនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអះអាងថា ការដែលសហភាពអឺរ៉ុបស្នើរសុំ ដែលអនុញ្ញាតឱ្យអៀរឡង់ខាងជើង ស្ថិតនៅក្នុងសហភាពពន្ធគយអឺរ៉ុប “មិនអាចទៅរួចទេ”។
បន្ទាប់ពីមានព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទនិងការស្នើសុំពីអាល្លឺម៉ង់មក មេដឹកនាំគណបក្សបង្រួបបង្រួមប្រជាធិបតេយ្យ (DUP) ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិ បាលអង់គ្លេសនៅអៀរឡង់ខាងជើង លោក Arlene Foster បាននិយាយថា សហភាពអឺរ៉ុបនិងសាធារណរដ្ឋអៀរឡង់កំពុងព្យាយាម “ដាក់អន្ទាក់” អោយតំបន់ដីនេះ ចូលក្នុងសហភាពពន្ធគយរបស់សហភាពអឺរ៉ុបរយៈពេលយូរអង្វែង។
ក្នុងពេលជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឡើងសម្លេង រិះគន់នាយករដ្ឋមន្រ្តីអង់គ្លេសដែលព្យាយាមរកវិធីទំលាក់កំហុកនៅពេលកិច្ចពិភាក្សា Brexit បរាជ័យ។ លោក Tusk បាននិយាយថា រឿងបន្ទាន់ឥឡូវនេះ គឺមិនត្រូវស្តីបន្ទោសគ្នាទៅវិញទៅមកនោះទេ គឺអនាគតសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសក៏ដូចជាសន្តិសុខនិងផលប្រយោជន៍របស់ប្រជាជននៃភាគីទាំងពីរសំខាន់ជាង៕