បណ្ដាប្រទេសឯកភាពគ្នាសហប្រតិបត្តិការជួយអាហ្វហ្កានីស្ថានមានស្ថិរភាពយ៉ាងឆាប់ៗ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានសន្យាផ្តល់កញ្ចប់ជំនួយថ្មី ក្នុងតម្លៃ ៦៥ លានដុល្លារអាមេរិកតាមរយៈអង្គការអន្តរជាតិ សំដៅជួយឧបត្ថម្ភប្រជាជននៅមូលដ្ឋានអំពីការស្នាក់នៅ ស្បៀងអាហារ ទឹកស្អាត និងតម្រូវការចាំបាច់ផ្សេងទៀត។
ប្រជាជនរង់ចាំការត្រួតពិនិត្យសុខភាព (រូបថត៖ AFP/VNA) |
រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជប៉ុន អាមេរិក អឺរ៉ុប និងប្រទេសមួយចំនួនទៀតបានឯកភាពគ្នាសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងស្ថានការណ៍នៅអាហ្វហ្គានីស្ថាន ខណៈពេលដែលប្រទេសទាំងនេះបានស្វែងរកវិធីធានាសុវត្ថិភាពជូនពលរដ្ឋ ដែលមានបំណងចង់ចាកចេញពីប្រទេសអាស៊ីភាគនិរតីនេះ ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមតាលីបង់។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសមភាគីមកពីប្រទេសជាង ២០ នោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានសន្យាផ្តល់កញ្ចប់ជំនួយថ្មី ក្នុងតម្លៃ ៦៥ លានដុល្លារអាមេរិកតាមរយៈអង្គការអន្តរជាតិ សំដៅជួយឧបត្ថម្ភប្រជាជននៅមូលដ្ឋានអំពីការស្នាក់នៅ ស្បៀងអាហារ ទឹកស្អាត និងតម្រូវការចាំបាច់ផ្សេងទៀត។
នៅទីក្រុងរ៉ូម ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio ក៏បានសម្តែងការព្រួយបារម្ភអំពីរបៀបបង្កើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន ក្រោយពីក្រុមតាលីបង់ដណ្ដើមបានអំណាច។ លោក Luigi Di Maio បានលើកច្បាស់ថា ចាំបាច់ត្រូវរក្សាជំហ នៅពេលនិយាយអំពីគោលការណ៍នានា ពោលគឺមិនអាចធ្វើសប្បទានការគោរពសិទ្ធិ ដែលប្រជាជនអាហ្វហ្គានីស្ថានទទួលបានក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។
នាថ្ងៃទី ៨ ខែសីហា ដដែល ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានធ្វើកិច្ចចរចាតាមទូរស័ព្ទ ដោយបានសម្ដែងពីការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីរក្សាស្ថិរភាពនៅអាហ្វហ្គានីស្ថាន ហើយចៀសវាងគ្រោះអាសន្នភេរវកម្ម លទ្ធិជ្រុលនិយម និងការជួញដូរគ្រឿងញៀន៕