បណ្តាប្រទេសស្វាគមន៍កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលពីឥន្ធនៈហ្វូស៊ីល
(VOVWORLD) - ភ្លាមៗបន្ទាប់ពីសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរថាមពលពីឥន្ធនៈហ្វូស៊ីលនោះ តំណាងនៃប្រទេសជាច្រើនបានចាត់ទុកថា នេះគឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។
កាលពីថ្ងៃទី ១៣ ខែធ្នូ ថ្លែងនៅចំពោះមុខគណៈប្រតិភូចូលរួម COP២៨ លោក Sultan Al Jaber ប្រធានសន្និសីទ COP២៨ និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបណ្តាប្រទេសចាត់វិធានការជាបន្ទាន់ តាមនោះ រដ្ឋាភិបាល និងអាជីវកម្មទាំងអស់ប្រែក្លាយការសន្យាផ្លាស់ប្តូរថាមពលពីឥន្ធនៈហ្វូស៊ីល ទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង។
កម្មករធ្វើការនៅជិតអណ្តូងរ៉ែធ្យូងថ្មមួយក្នុងក្រុង Datong ខេត្ត Shanxi ប្រទេសចិន។ រូបថត៖ AFP/TTXVN |
ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃដដែល រដ្ឋមន្ត្រីថាមពលបារាំង លោកស្រី Agnes Pannier-Runacher បានសង្កត់ធ្ងន់ថា ការឯកភាពរបស់ប្រទេសជិត ២០០ ដែលចូលរួម COP២៨ សម្រាប់កិច្ចព្រមព្រៀងខាងលើ គឺជាជ័យជំនះសម្រាប់ពហុភាគីនិយម និងការទូតអាកាសធាតុ។ យោងតាមលោកស្រី បណ្តាប្រទេសចាំបាច់ត្រូវត្រៀមខ្លួន ដើម្បីមានផែនការលុបបំបាត់ឥន្ធនៈហ្វូស៊ីលជាបណ្តើរៗ ហើយយកចិត្តទុកដាក់លើបញ្ហានេះ។ បេសកជនពិសេសអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kery បានស្វាគមន៍ចំពោះស្មារតីសហប្រតិបត្តិការនៃភាគីនានានៅ COP២៨។ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាណាដា លោក Steven Guilbeault បានឲ្យដឹងថា កិច្ចព្រមព្រៀងអាកាសធាតុដែលសម្រេចបាននៅ COP២៨ បានបង្កើតឱកាសសម្រាប់សកម្មភាពនិងកម្លាំងចលកររយៈពេលខ្លី ដើម្បីអនុវត្តន៍ដំណើរការផ្លាស់ប្តូរថាមពលស្អាត សមស្រប និងសុវត្ថិភាព ដែលអាចរាំងស្កាត់ការកើនឡើងនៃសីតុណ្ហភាពភពផែនដីនៅត្រឹម ១,៥ អង្សាសេ៕