បណ្តាប្រទេសអឺរ៉ុបខាងជើង នៅតែជាប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោក
(VOVWORLD) - របាយការណ៍សុភមង្គលសកលដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបខាងជើងនៅតែជាប្រទេសដែលមានសន្ទស្សន៍សុភមង្គលខ្ពស់បំផុតក្នុងពិភពលោក ខណៈដែលយុវវ័យនៅសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនមានសន្ទស្សន៍សុភមង្គលកាន់តែទាបជាង។
របាយការណ៍សុភមង្គលសកល គឺជារបាយការណ៍ប្រចាំឆ្នាំដែលធ្វើឡើងដោយសាកលវិទ្យាល័យ Oxford (អង់គ្លេស) ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gallup (អាមេរិក) និងបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការស្ទង់មតិនៅក្នុងប្រទេសនិងតំបន់ដែនដីចំនួន ១៤៣នៅលើពិភពលោក។ អ្នកដែលត្រូវបានស្ទង់មតិនឹងវាយតម្លៃកម្រិតនៃសុភមង្គលក្នុងជីវភាពរបស់ខ្លួន លើមាត្រដ្ឋាន ០-១០ សម្រាប់លក្ខណៈវិនិច្ឆ័យរួមមាន៖ ការគាំពារសង្គម ប្រាក់ចំណូល សុខភាព សេរីភាព កម្រិតមេត្តាធម៌នៅក្នុងសង្គម ស្ថានភាពនៃអំពើពុករលួយ។ ១០ ពិន្ទុគឺជាកម្រិតខ្ពស់បំផុត។
ជ្រុងមួយនៃរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក។ ប្រភព៖ Neweuropetours |
ក្នុងចំណោមប្រទេសស្ថិតក្នុងក្រុមកំពូល ហ្វាំងឡង់គឺជាប្រទេសដែលមានសុភមង្គលបំផុតនៅក្នុងពិភពលោកសម្រាប់រយៈពេល ៧ ឆ្នាំជាប់ៗគ្នា ជាមួយនឹងពិន្ទុជាមធ្យម ៨/១០។ ប្រទេសផ្សេងទៀតនៅអឺរ៉ុបខាងជើងគឺ ដាណឺម៉ាក អ៊ីស្លង់ ន័រវេស និងស៊ុយអែត ក៏ស្ថិតក្នុងក្រុមកំពូលផងដែរ។ យោងតាមប្រធានរបាយការណ៍ សាស្ត្រាចារ្យ jan-Emmanuel De Neve នៃ សាកលវិទ្យាល័យ Oxford ការដែលបណ្តាប្រទេសអឺរ៉ុបខាងជើងមានសុភមង្គលច្រើនជាងគេ គឺដោយសារតែប្រជាជនទទួលបានផលប្រយោជន៍ប្រកបដោយយុត្តិធម៌ពីការអភិវឌ្ឍន័៖ “វិបុលភាពគឺសំខាន់ណាស់ ប៉ុន្តែសំខាន់ជាងនេះទៀតគឺរបៀបបែងចែកវិបុលភាពនោះ។ នៅប្រទេសហ្វាំងឡង់ ដាណឺម៉ាក និងប្រទេសស្កែនឌីណាវ វិបុលភាពត្រូវបានបែងចែកដោយយុត្តិធម៌ជាង ដូច្នេះប្រជាជនទទួលបានអត្ថប្រយោជន៍ពីវិបុលភាពរបស់ប្រទេសជាតិ”៕