បាតុកររាប់រយនាក់វាយប្រហារស្ថានទូតស៊ុយអែតប្រចាំនៅអ៊ីរ៉ាក់
(VOVWORLD) - នៅព្រឹកថ្ងៃទី ២០ ខែកក្កដានេះ ក្រុមបាតុកររាប់រយនាក់បានសម្រុកចូលស្ថានទូតស៊ុយអែតប្រចាំនៅទីក្រុងBaghdadប្រទេសអ៊ីរ៉ាក់ ហើយបានដុតបំផ្លាញស្ថាប័ននេះដើម្បីបង្ហាញពីការប្រឆាំងជម្ទាស់នឹងលទ្ធភាពដែលករណីដុតចោលគម្ពីរមួយផ្សេងទៀតអាចកើតមានឡើងនៅក្នុងប្រទេសស៊ុយអែត។
កងកម្លាំងសន្តិសុខដាក់ពង្រាយកាណុងបាញ់ទឹក ខណៈក្រុមបាតុករប្រមូលផ្តុំគ្នានៅជិតស្ថានទូតស៊ុយអែតក្នុងក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយឆ្មក់នៅព្រឹកថ្ងៃទី ២០ ខែកក្កដា។ រូបថត៖ Reuters |
បន្តាប់ពីឧប្បត្តិហេតុនេះ ក្រសួងការបរទេសស៊ុយអែតបានឲ្យដឹងថា កម្មាភិបាលស្ថានទូតទាំងអស់មានសុវត្ថិភាព ហើយបានសង្កត់ធ្ងន់ថារដ្ឋាភិបាលអ៊ីរ៉ាក់មានទំនួលខុសត្រូវក្នុងការការពារបុគ្គលិកការទូតដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសអ៊ីរ៉ាក់បានថ្កោលទោសចំពោះអំពើរបស់ក្រុមបាតុករ ហើយបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយកងកម្លាំងសន្តិសុខដើម្បីរក្សាស្ថិរភាពនៃស្ថានសការណ៍ ក៏ដូចជាការបំភ្លឺឧប្បត្តិហេតុឱ្យបានឆាប់រហ័ស។
មុននោះ កាលពីថ្ងៃទី ១៩ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានស៊ុយអែត TT បានរាយការណ៍ថា ប៉ូលីសស៊ុយអែតបានអនុញ្ញាតឱ្យមានការជួបជុំជាសាធារណៈនៅខាងក្រៅស្ថានទូតអ៊ីរ៉ាក់នៅទីក្រុង Stockholm នៅថ្ងៃទី២០ កក្កដានេះ។ TT បានឲ្យដឹងថា មានអ្នកចូលរួមពីរនាក់នឹងអនុវត្តន៍ការដុតគម្ពីរកូរ៉ាន និងទង់ជាតិអ៊ីរ៉ាក់ ដែលក្នុងនោះមានមនុស្សម្នាក់ត្រូវបានជឿថា ជា Salwan Momika ដែលបានដុតគម្ពីរកូរ៉ាន កាលពីថ្ងៃទី ២៨ ខែមិថុនា។ កាលពីថ្ងៃទី ២ ខែកក្កដា រដ្ឋាភិបាលស៊ុយអែតបានថ្កោលទោសជាផ្លូវការចំពោះការដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm ហើយបានចាត់ទុកវាជាទង្វើ "ប្រឆាំងសាសនាអ៊ីស្លាម" ហើយបញ្ជាក់ថា ប្រទេសស៊ុយអែត ឬ អឺរ៉ុបទាំងមូលមិនគាំទ្រសកម្មភាពបែបនេះទេ៕