បិទសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥
(VOVWORLD) - ក្រោយរយៈពេល ២១ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា សម័យប្រជុំលើក ទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបិទបញ្ចប់នៅវិមានរដ្ឋសភា រដ្ឋធានី ហាណូយ។ អញ្ជើញចូលរួមសម័យប្រជុំបិទមានវត្តមាន អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh រួមជាមួយសមាជិក រដ្ឋសភា និងភ្ញៀវកិត្តិយស។
បណ្ដាតំណាងចូលរួមពិធីបិទសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់ថា សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ បានប្រព្រឹត្តទៅប្រកប ដោយជោគជ័យល្អប្រសើរ។ រដ្ឋសភាបានពង្រីកស្មារតីទទួលខុសត្រូវ ប្រមូលផ្តុំកម្លាំង កាយចិត្តនិងបញ្ញា ដើម្បីដោះស្រាយទម្ងន់ការងារដ៏ធំនិងសំខាន់ ដោយមានការឯក ភាពខ្ពស់។ រដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗ លេចធ្លោ លើគ្រប់ ជ្រុងជ្រោយ ដែលប្រទេសជាតិសម្រេចបានទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ធានា ការពារជាតិ សន្តិសុខ; សន្តិសុខសង្គមនិងកិច្ចការបរទេសក្នុងរយៈពេលកន្លងមក។ អំពីភារកិច្ចក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២ និងក្នុងឆ្នាំ ២០២៣ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖
“រដ្ឋសភាបានសង្កត់ធ្ងន់លើតម្រូវការរក្សាឲ្យបានរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងគ្រប់កាលៈទេសៈ; ផ្តោតលើការដោះស្រាយដល់ឫសគល់ ដោយមានលទ្ធផលជាក់ ស្ដែងនូវភាពទន់ខ្សោយ និងចំណុចកកស្ទះក្នុងការបើកចំណាយទុនវិនិយោគសាធា រណៈ ក្នុងការដោះស្រាយស្ថាប័នឥណទាន គម្រោងនិងសហគ្រាសដ៏ទន់ខ្សោយដែល បង្កឡើងការខាតបង់; កង្វះការផ្គត់ផ្គង់ប្រេង…;បន្តពង្រឹងការបង្ការទប់ស្កាត់ជំងឺ រាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ; ពង្រីកស្មារតីខ្លួន ទីពឹងខ្លួន ជំនះពុះពារលើរាល់ការលំបាក ខិតខំសម្រេចឲ្យបានខ្ពស់បំផុតនូវផែនការឆ្នាំ ២០២២ និងឆ្នាំ ២០២៣”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ |
យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue សម័យប្រជុំនេះបាន សម្រេចរួចរាល់ទម្ងន់ការងារនីតិប្បញ្ញត្តិយ៉ាងច្រើន ជាមួយនឹងការការអនុម័តលើច្បាប់ ចំនួន ៦ សេចក្តីសម្រេចចិត្តឯកទេសចំនួន ១២ និងសេចក្តីសម្រេចចិត្តទូទៅនៃសម័យ ប្រជុំ។
ទន្ទឹមនឹងនោះ សកម្មភាពសួរដេញដោលបន្តប្រព្រឹត្តទៅប្រកបដោយភាពច្នៃ ប្រឌិត ជាក់ស្ដែង និងរស់រវើក។ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្ត្រី៤រូប ប្រមុខវិស័យ ៤ រូប និងរដ្ឋមន្ត្រី ៧ រូប បានចូលរួមឆ្លើយសំណួរ បកស្រាយបំភ្លឺពីបញ្ហាពាក់ព័ន្ធនានា។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជឿជាក់ថា ជាមួយនឹងជោគជ័យនៃ សម័យប្រជុំលើកទី៤ សកម្មភាពរបស់រដ្ឋសភាពិតជានឹងកាន់តែមានគុណភាព ប្រជា ធិបតេយ្យ ភាពច្នៃប្រឌិត និងភាពជាក់ស្ដែងថែមទៀត រួមចំណែកក្នុងបុព្វហេតុ អភិវឌ្ឍន៍ប្រទេសជាតិ៕