បន្តដាក់ពង្រាយអនុវត្តន៍ប្រកបដោយសមកាលកម្មការងារជូនចំពោះអ្នកមានគុណូបការៈចំពោះបដិវត្តន៍
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នាព្រឹកថ្ងៃទី ១ កក្កដា នៅខេត្ត Hau Giang ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៃខេត្ត Hau Giang។
អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភាបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ គឺជាសីលធម៌ ផឹកទឹកនឹកដល់ប្រភពដើម និងការតបស្នងសងគុណរបស់ប្រទេសជាតិ។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងអ្នកមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Hau Giang (រូបថត៖ VOV) |
ប្រធានរដ្ឋសភា លោក Tran Thanh Man បានស្នើថា៖ “ខេត្ត Hau Giang បន្តផ្តោតលើការអនុវត្តប្រកបដោយសមកាលកម្ម នូវការងារជូនដល់អ្នកមានគុណូបការៈចំពោះបដិវត្តន៍ តាមរយៈការងារជាក់ស្តែង ដើម្បីឱ្យក្រុមគ្រួសាររបស់ពួកគេ អាចទទួលបាននូវគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋ។ ជាមួយគ្នានោះ ត្រូវបំផុសចលនា “តបស្នងសងគុណ” យ៉ាងខ្លាំងក្លា ដោយប្រមូលផ្តុំសង្គមទាំងមូល ដើម្បីថែទាំគ្រួសារដែលមានវិភាគទានបដិវត្តន៍ ជាពិសេសគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈ។ ខ្ញុំក៏ស្នើឱ្យបន្តអនុវត្តការកែសម្រួលជាបន្ទាន់ ដើម្បីបង្កើនប្រាក់សោធននិវត្តន៍ ការធានារ៉ាប់រងសង្គម អត្ថប្រយោជន៍អនុគ្រោះដល់ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ ការឧបត្ថម្ភធនសង្គម ដែលចាប់ផ្តើមចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥ ទូទាត់ទាន់ពេលវេលា ធានាឱ្យអ្នកទទួលផលសប្បាយរីករាយ”។
ក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានប្រគល់អំណោយចំនួន ២០ ចំណែក ជូនចំពោះវីរៈអ្នកម្តាយ គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍៕